ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ក្រុមបាតុករ ប៉ះទង្គិចជាមួយប៉ូលីសនៅទូទាំងប្រទេសអ៊ឺរ៉ង់នៅថ្ងៃច័ន្ទ ខណៈមនុស្សរាប់ពាន់នាក់ចេញមកតវ៉ានៅតាមដងផ្លូវប្រឆាំងនឹងករណីស្ត្រីម្នាក់ស្លាប់នៅ កន្លែងឃុំឃាំង ក្រោយពីនាងត្រូវចាប់ខ្លួនដោយសារនាងបានល្មើសទៅនឹងក្បួនច្បាប់ស្លៀកពាក់ដ៏តឹងរឹង។
ពលរដ្ឋនៅទីក្រុងTehran ក៏ដូចជានៅតាមមហាវិទ្យាល័យនៅទូទាំងប្រទេសអ៊ឺរ៉ង់ បានចេញមកតវ៉ារយៈពេល៣ថ្ងៃជាប់គ្នា ដើម្បីប្រឆាំងទៅនឹងការស្លាប់ស្ត្រីអាយុ ២២ឆ្នាំម្នាក់មានឈ្មោះថា Masha Amini ដែលបានស្លាប់នៅកន្លែងឃុំឃាំង។
មនុស្ស៥នាក់ ស្លាប់អំឡុងពេលបាតុកម្មនៅតំបន់Kurdish ប្រទេសអ៊ឺរ៉ង់ នៅថ្ងៃច័ន្ទ បន្ទាប់ពីកម្លាំងមានសមត្ថកិច្ចបើកការបាញ់ប្រហារទៅលើក្រុមបាតុករ។ ជាមួយគ្នាក៏មានការរាយការណ៍ពីការផ្ទុះការខឹងសម្បារខ្លាំងនៅពាសពេញបណ្តាញសង្គមអនឡាញផងដែរនៅទូទាំងទីក្រុងTehran និងតំបន់Kurdish។
Masha Amini ស្លាប់នៅកន្លែងឃុំឃាំងនៅប៉ុស្តិ៍ប៉ូលីស។
នាង Masha Amini ត្រូវប៉ូលីសសីលធម៌របស់ប្រទេសអ៊ឺរ៉ង់ចាប់ខ្លួននៅថ្ងៃអង្គារមុន បន្ទាប់ពីបានរកឃើញថានាងបានល្មើស និងក្រមច្បាប់សម្លៀកបំពាក់ដ៏តឹងរឹង ដែលតម្រូវអោយស្ត្រីត្រូវមានក្រណាត់គ្របលើក្បាល។
នៅកន្លែងឃុំឃាំង នាងAmini ដួលសន្លប់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញ៉ាប់ប្រញ៉ាល់។ នាងស្លាប់នៅមន្ទីរពេទ្យ។ ប៉ូលីសបដិសេធAmini រងការធ្វើទារុណកម្ម ដោយអះអាងថា នាងស្លាប់ដោយសារជំងឺគាំងបេះដូង។ ប៉ុន្តែគ្រួសាររបស់នាងនិយាយថា នាងមិនមានបញ្ហាសុខភាពឡើយ ហើយនាងមានសុខភាពល្អនៅពេលនាងត្រូវប៉ូលីសចាប់ខ្លួន។
ទាក់ទងនឹងបញ្ហានេះ លោក Ebrahim Raisi ប្រធានាធិបតីអ៊ឺរ៉ង់បាននិយាយជាមួយគ្រួសារAmini និងសន្យាថានឹងមានការស៊ើបអង្កេតពេញលេញមួយ។
ប្រែសម្រួល៖ណាវ័ន្ត