ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

គ្រោះរញ្ជួយដីកម្រិតខ្លាំងមួយបានវាយប្រហារប្រទេសម៉ិកស៊ិកបណ្ដាលឱ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់

២០ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភាគខាងលិចប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទដោយបានសម្លាប់មនុស្សយ៉ាងតិចម្នាក់ បំផ្លាញអគារមួយចំនួន ដាច់ចរន្តអគ្គិសនី និងធ្វើឱ្យប្រជាពលរដ្ឋរត់ជ្រែកជើងគ្នាចេញទៅក្រៅអគារដើម្បីសុវត្ថិភាព។

 

 

 

 

ការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារតំបន់នៅជិតឆ្នេរសមុទ្រភាគខាងលិច និងជិតព្រំដែនរដ្ឋមីឆូអាខាន (Michoacan) និងរដ្ឋ ខូលីម៉ា ប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា។

 

រដ្ឋាភិបាលបាននិយាយថា មនុស្សម្នាក់បានស្លាប់នៅកំពង់ផែសមុទ្រប៉ាស៊ីហ្វិក ម៉ាន់ហ្សានីឡូ (Manzanillo) នៅពេលដំបូលហាងលក់ទំនិញមួយបានបាក់សង្កត់លើមនុស្សមួយចំនួន។

 

អាជ្ញាធរក៏បានរាយការណ៍ពីការខូចខាតមន្ទីរពេទ្យមួយចំនួននៅភាគខាងលិចនៃរដ្ឋ មីឆូអាខាន នៅជិតចំណុចស្នូលនៃគ្រោះរញ្ជួយដីនេះ ហើយមនុស្សម្នាក់ទៀតបានរងរបួសដោយការបាក់ធ្លាក់កញ្ចក់នៅមន្ទីរពេទ្យមួយផងដែរ។

 

 

 

 

ការរញ្ជួយដីនេះបានកើតឡើងនៅក្នុងជម្រៅ ១៥ គីឡូម៉ែត្រ។ សូមរំលឹកថា មនុស្សរាប់ពាន់នាក់បានស្លាប់ដោយការរញ្ជួយដីកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ ហើយចំនួនជាង ៣៥០ នាក់ទៀតបានស្លាប់នៅក្នុងគ្រោះថ្នាក់ដូចគ្នានេះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024