ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
អភិបាលរាជធានីភ្នំពេញ បានកោតសរសើរ ចំពោះនគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលបានបំពេញការងារយ៉ាងល្អ ទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ។ អភិបាលរាជធានីភ្នំពេញ កត់សម្គាល់ថា ការសរសើរពេលនេះ គឺខុសកាលពីមុន ដែលតែងតែមានការលេចឮព័ត៌មានមិនល្អមួយចំនួន ពាក់ព័ន្ធនឹងការចុះអន្តរាគមន៍នៃការពន្លត់អគ្គិភ័យម្តងៗ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនិងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គីភ័យ ចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានកោតសរសើរដល់នគរបាលពន្លត់អគ្គីភ័យរាជធានីភ្នំពេញ តែងតែបំពេញការងារបានរហ័ស ជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា ដោយផ្ទុយខុសពី មុនដែលតែងតែមានការលេចឮព័ត៌មានមិនល្អ មួយចំនួនពាក់ព័ន្ធនឹងការចុះអន្តរាគមន៍នៃការពន្លត់អគ្គីភ័យម្តងៗ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏ជំរុញឲ្យនគរបាលពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បន្តរក្សាស្នាដៃនេះ និងបន្តជួយអន្តរាគមន៍បង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះឲ្យបានទាន់ពេលវេលា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា ក្នុងរយៈពេល ០៩ខែមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានករណីអគ្គិភ័យកើតឡើង ចំនួន៨៣លើក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩៩៨គ្រឿង ស្មើនឹងទឹក ៣,៨៣៣ម៉ែត្រគូប ។
ឧត្ដមសេនីយ៍ត្រី បន្តថា ក្នុងចំណោមគ្រោះអគ្គីភ័យចំនួន៨៣លើក គឺបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់របួស២៤នាក់ ឆេះផ្ទះ១១៣ខ្នង សំណង់មិនរៀបរយ៨០ខ្នង ឆេះរថយន្ត ២៧គ្រឿង និងម៉ូតូ ១៤គ្រឿង។ កត្តាដែលបង្កឲ្យមានករណីអគ្គិភ័យនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗ ។
គួរបញ្ជាក់ថា ចំពោះអំណោយ ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅផ្តល់ជូននគរបាលពន្លត់អគ្គីភ័យ ចំនួន ១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកាចំនួន ៤០ម៉ឺនរៀល៕
អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា