ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទំហំឥណទាន បានកើនឡើងជិត ២ដងនៃទំហំប្រាក់បញ្ញើ គិតត្រឹមឆមាសទី២ ឆ្នាំ ២០២២នេះ

១៩ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

ទំហំឥណទាន ដែលផ្តល់ឲ្យប្រជាពលរដ្ឋតាមរយៈសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនឡើងដល់ជាង ៨,៧ពាន់លានដុល្លារអាមេរិក គិតត្រឹមឆមាសទី ២ ឆ្នាំ២០២២នេះ ខណៈទំហំនៃប្រាក់បញ្ញើមានប្រមាណ ៤,៦ពាន់លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍ពី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

 


ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា ស្តីពី “វឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” នាព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ឆ្នាំ ២០២២នេះ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លោក របស់ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា គិតត្រឹមដំណាច់ត្រីមាសទីពីរ នៃឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមបានបន្តកិច្ចប្រឹងប្រែងដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ដោយបានផ្តល់នូវឥណទានជាង ៨,៧ ពាន់លានដុល្លារអាមេរិក ដល់ប្រជាជនចំនួនប្រមាណ ២លាននាក់ ខណៈដែលអតិថិជនប្រាក់បញ្ញើសរុបមានចំនួនជាង ២,៦លាននាក់  ដែលបានដាក់ប្រាក់បញ្ញើសរុបជាង ៤,៦ ពាន់លានដុល្លារអាមេរិក តាមរយៈបណ្តាញសាខា ជាង ១.០០០ ការិយាល័យ និងមានបុគ្គលិកបម្រើការងារសរុបជាង ២៩.០០០នាក់ នៅទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ទន្និន័យនេះមិនបានរាប់បញ្ចូលទិន្នន័យពីធនាគារទាំង៥ ដែលជាសមាជិកនោះទេ។ 

 


លោកបន្តថា តាមរយៈអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ សមាគមទាំងបីនឹងសហការរួមគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាពដែលផ្តោតសំខាន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុបន្ថែមនៅក្នុងទីផ្សារកម្ពុជា។

 

 

បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា  ឥណទានគ្រឹះស្ថានធនាគារតាមវិស័យសេដ្ឋកិច្ច នៅក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ គឺការផ្ដល់ទៅកាន់វិស័យការជួញដូររាយមានចំណែកធំជាងគេរហូតដល់ ១៥% ការឲ្យកម្ចីទិញផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន ១២% ការលក់ដូរដុំមាន១១% និងសំណង់ មាន៩% ។

 

 

របាយការណ៍ដដែលបានបបង្ហាញថា បច្ចប្បន្ននៅកម្ពុជា មានធនាគារពាណិជ្ជមានចំនួន ៥១ ធនាគារឯកទេសមានចំនួន ១៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមាន៧៦ ខណៈដែលលគ្រឹះស្ថានឥណទានជនបទមាន២៤៦ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុមាន១៥ក្រុមហ៊ុន៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024