ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការនាំចេញរបស់សហគ្រាសធុនតូច-មធ្យមរបស់ចិន ទៅកាន់បណ្តាសមាជិក RCEP កើនឡើង ៣៦%

១៩ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

របាយការណ៍ពី ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បង្ហាញថា ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២២នេះ ការនាំចេញរបស់សហគ្រាសធុនតូច-មធ្យមរបស់ចិន ទៅកាន់បណ្តាប្រទេសដែលជាសមាជិក RCEP បានកើនឡើងជាង ៣៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។

 

របាយការណ៍ដដែលនេះ បានបង្ហាញនៅក្នុងសន្ទស្សន៍សកម្មភាពក្នុង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP គឺថា ចាប់តាំងពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ភាពជាដៃគូបានផ្តល់ផលប្រយោជន៍ដល់សហគ្រាស និងអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងពាណិជ្ជកម្មបរទេស ហើយបានជួយបណ្តាប្រទេស RCEP ធ្វើឱ្យប្រសើរឡើងនូវ ការប្រកួតប្រជែងពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ពួកគេ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

 


សហគ្រាសធុនតូច-មធ្យមរបស់ចិន ដែលចូលរួមក្នុងពាណិជ្ជកម្មបរទេស បានបង្ហាញពីភាពធន់រឹងមាំ ក្នុងការនាំចេញទៅកាន់ប្រទេសហត្ថលេខី RCEP ដោយចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំនេះ សហគ្រាសទាំងនេះ សម្រេចបាននូវកំណើនវិជ្ជមាន នៅក្នុងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម RCEP ទាំងអស់ ហើយថែមទាំងបង្កើតចន្លោះទំនេរបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតផងដែរ។

 


បើនិយាយពីទិសដៅនាំចេញ កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរី គឺជាប្រទេសកំពូលទាំងបី ដែលសហគ្រាសពាណិជ្ជកម្មបរទេសខ្នាតតូច និងមធ្យមរបស់ចិន បាននាំចេញទៅ។ឌីជីថលភាវូបនីយកម្ម បានកាត់បន្ថយយ៉ាងខ្លាំងនូវ សម្ពាធសម្រាប់ សហគ្រាសគ្រប់ប្រភេទ ក្នុងការចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយអាចទទួលបានឱកាសសហប្រតិបត្តិការអន្តរជាតិ តាមរយៈការផ្លាស់ប្តូរឌីជីថល ដោយមានពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនជាឧទាហរណ៍។

 


RCEP ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក រហូតមកដល់បច្ចុប្បន្ន ដែលគ្របដណ្ដប់លើប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលសេឡង់ និងប្រទេសសមាជិកទាំង ១០ នៃ អាស៊ាន៕

 


សូមបន្ថែមថា គិតចាប់ពីខែមករា ដល់ខែសីហា ដើមឆ្នាំ ២០២២នេះ មហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវ ទំហំពាណិជ្ជកម្មជិត ៤ទ្រីលានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះពាណិជ្ជកម្មរបស់ចិន ជាមួយសមាជិកចំនួន ១៤ នៃកិច្ចព្រមព្រៀង RCEP បានកើនឡើង ៧% អំឡុងពេលនេះ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ CCTV

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024