ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
Global SME Finance Forum ឬហៅថា វេទិកាហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យមអន្តរជាតិឆ្នាំ ២០២២ បានជ្រើសរើស ប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះឡើង ក្នុងឆ្នាំ ២០២២នេះ ដើម្បីពិភាក្សា និងបង្ហាញពី កាលានុវឌ្ឍភាព ក៏ដូចជាបញ្ហាប្រឈមនានា នៅក្នុងវិស័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩។
Story: សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សហការជាមួយធនាគារជាតិនៃកម្ពុជា បានរៀបចំវេទិកាហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យម និងមានការចូលរួមពី តំណាងក្រុមហ៊ុនអន្តរជាតិធំៗ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននៃបណ្តាប្រទេសនានាចំនួន ៦០ប្រទេសនិងតំបន់ ដើម្បីសិក្សា និងចែករំលែកអំពី វិស័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោក Matthew Gamser អគ្គនាយកប្រតិបត្តិនៃ វេទិកា the SME Finance បានលើកឡើងថា វេទិកានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបើកឱកាសឱ្យមនុស្សគ្រប់គ្នាមកពីជុំវិញសកលលោក អាចសិក្សា និងចែករំលែកពាក់ព័ន្ធនឹង វិស័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យម។
លោកបន្តថា ការជ្រើសរើសយកប្រទេសកម្ពុជា ជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ គឺដោយសារតែ កម្ពុជា ជាប្រទេសមួយដ៏ទាក់ទាញ និងមានធនាគារជួរមុខដ៏សំខាន់ ក្នុងការគាំទ្រដល់វិស័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដោយផ្ទាល់ ហើយមានបទពិសោធន៍ល្អៗជាច្រើន ដែលគ្រប់គ្នាត្រូវសិក្សាស្វែងយល់។
នាឱកាសនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា រយៈពេលជាង ២០ឆ្នាំមកនេះ វិស័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺដំណើរការបានល្អប្រសើរ ហើយប្រទេសកម្ពុជា គឺមានការអភិវឌ្ឍច្រើន ទើបវេទិកា Global SME Finance នេះ ជ្រើសរើសយកជាទីកន្លែងជួបជុំ សម្រាប់ការសិក្សា និងចែករំលែកបទពិសោធន៍ល្អៗ ដែលគ្រប់គ្នាត្រូវសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក។
សូមជម្រាបផងដែរថា ជាការរួមចំណែកលើកស្ទួយវិស័យសហគ្រាសធុនតូននិងមធ្យមនៅកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ ២០២២ ធនាគារ អេស៊ីលីដា បានផ្តល់ប្រាក់កម្ចីជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៨០% គឺផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំណើនឥណទានប្រមាណ ២០% នៅក្នុងឆ្នាំ ២០២១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ និន សុខលី