ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
អ្នកជំនាញនៅក្នុងវិស័យមូលបត្រ បានធ្វើការពន្យល់ឱ្យដឹងថា ការបោះផ្សាយមូលបត្ររដ្ឋ និងមូលបត្រឯកជន គឺមានភាពខុសគ្នាគួរឱ្យកត់សម្គាល់ ទាំងតម្លៃមូលបត្រ អត្រាគូប៉ុង និងកម្រិតហានិភ័យជាដើម។
អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានពន្យល់ឱ្យដឹងថា ការបោះផ្សាយលក់មូលបត្ររដ្ឋ និងមូលបត្របំណុលឯកជន គឺមានភាពខុសគ្នាមួយចំនួន គួរឱ្យកត់សម្គាល់ ទាំងការកំណត់តម្លៃ អត្រាគូប៉ុង និងកម្រិតហានិភ័យជាដើម។
អ្នកស្រី បន្តថា ការបោះផ្សាយលក់មូលបត្ររដ្ឋលើកទី ១នេះ គឺធ្វើឡើងតាមរយៈ ការដេញថ្លៃ មានទំហំទឹកប្រាក់ ១០០ពាន់លានរៀល ឬប្រមាណ ២៥លានដុល្លារអាមេរិក ជាប្រភេទឥណប្រតិទាន ១ឆ្នាំ ដោយមានតម្លៃចារឹក ១លានរៀលក្នុងមួយឯកតា នឹងផ្តល់អត្រាការប្រាក់ឬគូប៉ុង ២% ក្នុងមួយឆ្នាំ។
ការកំណត់អត្រាការប្រាក់មូលបត្ររដ្ឋ ត្រូវមានការថ្លឹងថ្លែងច្រើនណាស់ ព្រោះវាគឺជាអត្រាគោលដ៏សំខាន់ ដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ប្រៀបធៀប ឬ Benchmark លើតម្លៃឧបករណ៍ហិរញ្ញវត្ថុនានា ដែលរាជរដ្ឋាភិបាលកម្ពុជា អាចប្រើប្រាស់សម្រាប់គ្រប់គ្រង គោលនយោបាយហិរញ្ញវត្ថុ នាពេលក្រោយទៀត។
ផ្ទុយទៅវិញ សម្រាប់មូលបត្របំណុលរបស់ក្រុមហ៊ុនឯកជន ឬសាជីវកម្ម ដែលបោះផ្សាយលក់ជាសាធារណៈ និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា គឺមានតម្លៃចារឹកស្តង់ដារ ១០ម៉ឺនរៀល ក្នុងមួយឯកតា ហើយអត្រាការប្រាក់ និងតម្លៃត្រូវបានកំណត់ទុកជាមុន បន្ទាប់ពីមានការចរចា ឬស្ទាប់ស្ទង់ថ្លៃជាមុន ដោយមិនមានការដាក់ឱ្យដេញថ្លៃដូចមូលបត្ររដ្ឋទេ។
តាមរយៈការបោះផ្សាយកន្លងមក មូលបត្របំណុលឯកជន មានអត្រាការប្រាក់ចន្លោះពី ៤,៥% ទៅ ៧,៥% និងមានទំហំចាប់ពី ១០លានដុល្លារ ទៅ ៣០លានដុល្លារអាមេរិក ក្នុងការបោះផ្សាយម្តងៗ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ កម្រិតអត្រាគូប៉ុង ឬអត្រាការប្រាក់ និងកម្រិតហានិភ័យ ដែលសាធារណជនទូទៅសង្កេតឃើញថា អត្រាគូប៉ុងរបស់មូលបត្ររដ្ឋ គឺទាបជាង អត្រាគូប៉ុងរបស់មូលបត្រដែលវិស័យឯកជនបោះផ្សាយលក់។
ជាការពិតណាស់ អ្នកស្រី សុផានីតា បកស្រាយថា អត្រាការប្រាក់មូលបត្ររដ្ឋ និងឯកជន មិនអាចស្នើ ឬប្រហាក់ប្រហែលគ្នាបានទេ ព្រោះហានិភ័យនៃមូលបត្ររដ្ឋ ត្រូវបានចាត់ទុកថាស្មើសូន្យ ឬស្ទើរតែគ្មាន ខណៈដែលហានិភ័យនៃមូលបត្រឯកជន គឺខ្ពស់ជាង ព្រោះក្រុមហ៊ុនឯកជនអាចប្រឈមនឹងក្ស័យធន តែរាជរដ្ឋាភិបាលមិនអាចក្ស័យធននោះទេ ដូច្នេះហើយទើបបានជាអត្រាគូប៉ុងមូលបត្រឯកជន ត្រូវតែខ្ពស់ជាងមូលបត្ររដ្ឋ។
សូមរម្លឹកបន្តិចថា បើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ បង្ហាញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមចំនួន ៨ ជាមួយបរិមាណចូលរួមដេញថ្លៃសរុបជាង ៤ម៉ឺនឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះ ២,២% ខណៈសម្រាប់ផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ទំហំ ៣០០លានដុល្លារអាមេរិក ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០២២តទៅ ដោយមានការលើកទឹកចិត្តចំពោះ វិនិយោគិនមូលបត្ររដ្ឋផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ