ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ជាក់ថា ហានិភ័យនៃធ្លាក់ចុះនូវសេដ្ឋកិច្ចសកលនៅតែបន្ត ក្នុងត្រីមាសទី ៣នេះ ហើយប្រទេសមួយចំនួន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុង វិបត្តិសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ប៉ុន្តែពុំទាន់មានការព្យាករណ៍នៅឡើយទេថា វិបត្តិសេដ្ឋកិច្ចពិភពលោក នឹងរីករាលដាលដែរឬទេ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃនេះ។
លោក Gerry Rice អ្នកនាំពាក្យ IMF បានបញ្ជាក់ថា យោងតាមទិន្នន័យបានចង្អុលបង្ហាញពី ការបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ច នៅក្នុងត្រីមាសទី ៣ ដោយសារ បញ្ហាអតិផរណាខ្ពស់នៅតែបន្ត បញ្ហាសង្វាក់ផ្គត់ផ្គង់បន្តកើតមាន និងលក្ខខណ្ឌទីផ្សារហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង ប៉ុន្តែលោក Rice មិនបានផ្តល់ព័ត៌មានលម្អិតអំពី ការកែប្រែបន្ថែមទៀតនៅក្នុង ទស្សនវិស័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិនោះទេ។
IMF កាលពីខែកក្កដា បានព្យាករទម្លាក់កំណើនពិភពលោក មកនៅត្រឹម ៣,២% នៅឆ្នាំ ២០២២ និង ២,៩% នៅឆ្នាំ ២០២៣ ហើយ IMF នឹងបញ្ចេញនូវទស្សនវិស័យថ្មីមួយនៅខែតុលាខាងមុខ។លោក Rice បានបន្តថា អ្វីដែល IMF បានកំណត់ថា កត្តាដែលធ្វើឱ្យមានជាការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក បានកើនឡើងជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែថ្មីៗនេះ។
ជាក់ស្តែង ការបន្តការចាក់សោរបិទខ្ទប់កូវីដ១៩ និងបញ្ហាអចលនទ្រព្យ កំពុងដាក់បន្ទុកលើសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ខណៈដែលប្រាក់ដុល្លារដែលឡើងថ្លៃ មានផលប៉ះពាល់ដល់ប្រទេសជាច្រើន។អ្នកនាំពាក្យ IMF រូបនេះបានមានប្រសាសន៍ថា IMF រំពឹងថា ប្រទេសមួយចំនួន នឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ប៉ុន្តែវាលឿនពេកហើយ ក្នុងការសន្និដ្ឋានថាតើ វានឹងក្លាយជាវិបត្តិសេដ្ឋកិច្ចសកលដែលរីករាលដាលឬអត់។
ជាចុងក្រោយ IMF លើកឡើងថា ទោះបីជាប្រទេសមួយចំនួន មិនមានវិបត្តិសេដ្ឋកិច្ចក៏ដោយ វានឹងមានអារម្មណ៍ដូចជា វិបត្តិសេដ្ឋកិច្ច គឺកើតមានសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ហើយវាជាស្ថានភាពដ៏អាក្រក់សម្រាប់មនុស្សទាំងនោះ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ