ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ស្ថានភាពសាច់ជ្រូកមួយរយៈមកនេះ ជាពិសេសតាំងពីបិណ្ឌ ១មក អំណោយផលដល់អ្នកបរិភោគប្រើប្រាស់ ព្រោះតម្លៃសាច់ជ្រូក នៅលើទីផ្សារ មិនមានឡើងថ្លៃ គួរឱ្យកត់សម្គាល់ទេ ប៉ុន្តែអ្នកដែលជួបក្តីកង្វល់ គឺកសិករ ដែលជាអ្នកចិញ្ចឹមជ្រូក ព្រោះតម្លៃជ្រូករស់ មិនត្រឹមតែមិនបានឡើងថ្លៃទេ ថែមទាំងធ្លាក់នៅក្រោមថ្លៃដើមចិញ្ចឹមទៀតផង។
ចំណុចល្អម្យ៉ាងដែរនៅត្រង់ថា តម្លៃសាច់ជ្រូកនៅលើរានក្នុងផ្សារ នៅរក្សាតម្លៃដដែល ពោលគឺមិនឡើងថ្លៃគួរឱ្យកត់សម្គាល់ឡើយ ។ ប៉ុន្តែអ្នកដែលកំពុងជួបក្តីកង្វល់ គឺពួកសិករដែលជាអ្នកចិញ្ចឹមជ្រូក ទាំងកសិករជាលក្ខណៈក្រុមហ៊ុន ទាំងកសិករជាលក្ខណៈគ្រួសារ។ កសិករ កំពុងជួបក្តីកង្វល់ដោយហេតុថា សាច់ជ្រូករស់នៅតាមកសិដ្ឋាន បានធ្លាក់ថ្លៃយ៉ាងខ្លាំងគឺ លក់បានត្រឹមតែ ៨ ០០០-៩ ០០០ រៀល ប៉ុណ្ណោះ សម្រាប់ជ្រូករស់ ១ គីឡូហ្ក្រាម ខណៈថ្លៃដើមចិញ្ចឹម ១ គីឡូហ្ក្រាមចន្លោះពី ១០ ០០០-១១ ០០០ រៀលឯណោះ ។ នេះគឺជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ។
គួរជម្រាបជូនថា តម្លៃជ្រូករស់បានធ្លាក់ថ្លៃ ទៅដល់ក្រោមថ្លៃដើមចិញ្ចឹមនេះ បានកើនតឡើងរយៈពេលប៉ុន្មានខែមកហើយ ។ ទោះយ៉ាងណា ទាំងកសិករ ទាំងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ទាំងអ្នកពាក់ព័ន្ធ សុទ្ធតែរំពឹងទុកថា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ តម្រូវការសាច់ជ្រូកនឹងកើនឡើង ដែលអាចនឹងនាំឱ្យតម្លៃជ្រូករស់ រើបឡើងវិញបន្តិច ។
គឺក្នុងក្តីសង្ឃឹមនេះហើយ ដែលជាកត្តាជំរុញទឹកចិត្តឱ្យកសរិកគ្រប់ប្រភេទ នៅតែបន្ត និងបង្កើនការចិញ្ចឹមជ្រូករបស់ពួកគាត់រហូតមក ដែលបច្ចុប្បន្ននេះគឺជាអ្វីដែលលោក ស្រ៊ុន ពៅ ហៅថា កម្ពុជា មានជ្រូករស់ច្រើនលើសសេចក្តីត្រូវការ ឬអាចនិយាយម្យ៉ាងទៀតថា សូមសាធារណជនកុំបារម្ភខ្លាចខ្វះសាច់ជ្រូកផ្គត់ផ្គង់តម្រូវការនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ ហើយនេះក៏ជាមូលហេតុនាំដែលនាំឱ្យជ្រូករស់ធ្លាក់ថ្លៃដែរ ។
នៅពេលសួរថា ការធ្លាក់ថ្លៃជ្រូករស់នេះ មានជាប់ពាក់ព័ន្ធនឹងការនាំជ្រូកចូលពីប្រទេសជិតខាងដែរ ឬអត់ លោក ស្រ៊ុន បានអះអាងជាហូរហែមកថា ពុំមានការនាំជ្រូកចូលពីប្រទេសជិតខាងទេ គឺលែងមាននាំចូលជាច្រើនខែមកហើយ ។
ក៏គួរកត់សម្គាល់ដែរថា រយៈពេលប្រមាណជាជិត ១ ឆ្នាំមកហើយ ដែលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់តម្រូវការសាច់ជ្រូកដោយខ្លួនឯង ។ ប៉ុន្តែបើនិយាយកាលពីមុននេះ កម្ពុជា នាំជ្រូកចូលពីក្រៅប្រទេសជិតខាងប្រមាណជារាប់ពាន់ក្បាលក្នុង ១ ថ្ងៃៗ ។ជារួមទៅគេត្រូវរង់ចាំមើលរយៈពេលប៉ុន្មានថ្ងៃទៀត ថាតើតម្រូវការសាច់ជ្រូកមានការកើនឡើងដែរ ឬយ៉ាងណា នោះទើបជាចម្លើយដែលកសិករកំពុងទន្ទឹងរង់ចាំ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ