ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា

១១ សីហា ២០២២ | ព័ត៌មានជាតិ


គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងនាមកម្ពុជា ជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នាព្រឹកថ្ងៃទី១០ ខែសីហានេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

 

 


នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នឹងដឹកនាំសមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធីសំខាន់ៗមួយចំនួន ដូចជា៖ ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍ ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ឯកឧត្តមរដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា(Lok Sabha) និងជួបពិភាក្សាការងារទ្វេរភាគី(Bilateral Talk) ជាមួយឯកឧត្តមអនុប្រធានព្រឹទ្ធសភា។

 

 

 

ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE)។ ចូលរួមកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ SANSAD។ គោរពវិញ្ញាណក្ខន្ធ នៅវិមានបញ្ចុះសព Humayun។ ទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួនដូចជា៖ វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និងសាលអានរបស់សមាជិកសភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទបន្ទាយអាហ្ក្រា (Agra Fort)។

 

 


សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាងសំខាន់របស់អាស៊ានប៉ុណ្ណោះទេ ពោលគឺជាដៃគូនៃសភាប្រទេសសង្កេតការណ៍ចំនួន ១៦ទៀត ដែលដំណើរទស្សនកិច្ចរបស់អាយប៉ានៅសាធារណរដ្ឋឥណ្ឌានៅពេលនេះ ក៏ដូចនៅពេលកន្លងមក ពិតជាទទួលកិត្តិយស ជាមួយនឹងអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់សភាប្រទេសសមាជិកអាយប៉ាទាំងមូល ក្នុងការឆ្លុះបញ្ចាំងឱ្យឃើញពីការប្រែក្លាយទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង ដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា អាស៊ាន និងអាយប៉ា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត៕

 

 

អត្ថបទ៖ អឿន ភារ៉ា  រូបភាព៖ រដ្ឋសភា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024