ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រសួងរ៉ែ និងថាមពល៖ កម្ពុជា កំពុងសិក្សាពីលទ្ធភាពបង្កើតក្រុមហ៊ុនជាតិ ដើម្បីគ្រប់គ្រងលើការបូមប្រេងនៅ ប្លុក A

១០ សីហា ២០២២ | សេដ្ឋកិច្ច

 

កម្ពុជា កំពុងសិក្សាពីលទ្ធភាពបង្កើតក្រុមហ៊ុនជាតិមួយ ដើម្បីគ្រប់គ្រងលើការបូមប្រេងនៅ ប្លុក A ដោយរដ្ឋាភិបាលគ្រោងបន្តដំណើរការបូមប្រេងពីប្លុក A ឡើងវិញ ក្នុងពេលឆាប់ៗនេះ។

 

ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះថា ការសិក្សាពីលទ្ធភាពបង្កើតក្រុមហ៊ុនជាតិគ្រប់គ្រងការបូមប្រេងនេះ គឺរដ្ឋាភិបាលមិនចង់ពឹងផ្អែកលើការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិទាំងស្រុងទៀតឡើយ ដោយបច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល បាននិងកំពុងពិភាក្សា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំសមាសភាពទទួលខុសត្រូវកិច្ចការនេះ ដើម្បីបន្តការជាបន្តជាមួយក្រុមហ៊ុនវិនិយោគថ្មី។


គម្រោងបង្កើតក្រុមហ៊ុនជាតិគ្រប់គ្រងលើការបូមប្រេងនេះ ធ្វើឡើងបន្ទាប់ពីវិស័យបូមប្រេង នៅកម្ពុជាជួបបញ្ហាស្មុគស្មាញ ក្រោយការវិនិយោគរបស់ក្រុមហ៊ុន KrisEnergy បានក្ស័យធន និងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះ។


បើទោះបីជាមិនទាន់ដឹងពេលវេលាជាក់លាក់នៃការបង្កើតក្រុមហ៊ុនជាតិដើម្បីគ្រប់គ្រងលើការបូមប្រេងនៅ ប្លុក Aក៍ដោយ ក៏បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល កំពុងសិក្សាជាមួយ EnerCam Resources Corp (Cambodia) របស់ប្រទេសកាណាដា ដើម្បីចាប់ផ្តើមដំណើរការមូបឡើងវិញ ដោយប្រើឧបករណ៍ដែលមានស្រាប់ ដែលបានបង្កកពីក្រុមហ៊ុន KrisEnergy។

 


ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ប្លុក A មានសក្តានុពលធំណាស់ ដោយសារតែធនធានប្រេងនៅតំបន់នេះ ត្រូវបានបញ្ជាក់រួចហើយថា មានលក្ខណៈពាណិជ្ជកម្ម និងបានចំណាយទុនវិនិយោគអស់ប្រមាណ២០០លានដុល្លារ និងពេលវេលាសិក្សាអស់ជាច្រើនឆ្នាំ។ ប្រសិនបើក្រុមហ៊ុនថ្មី មកវិនិយោគលើការបូមប្រេងបន្ត នឹងមិនចំណាយ២០០លានដុល្លារ សម្រាប់វិនិយោគទៀតនោះទេ ដោយធ្វើការចាប់ផ្តើមផលិតកម្មតែម្តង។

 


ឯកឧត្តមបន្ថែមថា ក្រោយពេលក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី បានប្រកាសក្ស័យធន កម្ពុជាបានបង្កកសម្ភារៈមួយចំនួនរបស់ក្រុមហ៊ុននេះ មានដូចជាកប៉ាល់ផលិតកម្មប្រេង ដែលមានតម្លៃ១៤លានដុល្លារ រួមនឹងគ្រឿងម៉ាស៊ីនមួយចំនួនផ្សេងទៀត។ ប្រសិនបើការចរចាគ្នាត្រូវជុំវិញការលួចដឹកប្រេងរបស់កប៉ាល់ MT Strovolos កម្ពុជានឹងរឹបអូសយកសម្ភារៈទាំងនោះមកតែម្តង ដើម្បីបន្តដំណើរការផលិតកម្មប្លុក A។

 


គួរបញ្ជាក់ថា ក្រៅពីប្លុក A មានប្លុក D មួយទៀត ដែលត្រូវបានរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងដើម្បីសិក្សាស្រាវជ្រាវ ចំណែកឯប្លុកផ្សេងទៀតដូចជា B C E និង F មិនទាន់មានការសិក្សាស្រាវជ្រាវនៅឡើយទេ ខណៈក្រសួងជំនាញកំពុងធ្វើការទាក់ទាញក្រុមហ៊ុនវិនិយោគនានា ដើម្បីសិក្សាស្រាវជ្រាវរកប្រេងកាត នៅក្នុងប្លុកទាំងនេះ៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024