ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជា ទទួលបានប្រាក់ចំណូលកើនឡើងពី វិស័យរ៉ែ និងថាមពល

១០ សីហា ២០២២ | សេដ្ឋកិច្ច

 

នាឱកាសសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ៩ ខែសីហា បានបង្ហាញឱ្យដឹងថា ប្រទេសកម្ពុជា ទទួលបានប្រាក់ចំណូលកើនឡើងពី វិស័យរ៉ែ និងថាមពល ទោះបីមានបញ្ហាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ។


ឯកឧត្តម អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ចំណូលដែលបានប្រមូលពី វិស័យរ៉ែ គឺជាមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ នៅឆ្នាំ ២០២០ ប្រមូលចំណូលបានដល់ជាង ២៥លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០២១ ប្រមូលចំណូលបានជាង ៣៥លានដុល្លារអាមេរិក ខណៈ រយៈពេល ៦ខែ ដើមឆ្នាំ ២០២២ ប្រមូលចំណូលបានដល់ទៅ ២០លានដុល្លារអាមេរិក។

 


ឯកឧត្តម បន្តថា ទោះបីជាមានវិបត្ដិសេដ្ឋកិច្ច នៅក្នុងសកលលោក តាមរយៈបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុន្ដែ កម្ពុជា នឹងខិតខំកៀរគរចំណូល មិនឲ្យធ្លាក់នោះទេ។ជាមួយគ្នានេះ គិតត្រឹមដើមខែសីហា ឆ្នាំ ២០២២នេះ កម្ពុជា ចម្រាញ់រ៉ែមាសបានចំនួនជាង ៣ពាន់ ៥រយគីឡូក្រាម និងរកចំណូលពីសួយសារ បានជាង ៥លាន ១សែនដុល្លារអាមេរិក។ទាក់ទងទៅនឹង អាជីវកម្មរ៉ែមាសនេះ មានក្រុមហ៊ុនចំនួន ៧ ដែលបានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។

 


ដោយឡែក នៅកម្ពុជាមាន ក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន ៥ ដោយក្នុងមួយឆ្នាំ ផលិតស៊ីម៉ងត៍បាន ៩លានតោន ដើម្បីបម្រើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអាករប្រមាណ ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយក្នុងចំណោម ៥ក្រុមហ៊ុន គឺមាន ៤ក្រុមហ៊ុន មានទីតាំងស្ថិតក្នុងខេត្តកំពត និងមួយទីតាំងទៀត ស្ថិតនៅក្នុង ខេត្តបាត់ដំបង។

 


សូមជម្រាបដែរថា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២២ ក្រសួងរ៉ែ បានចេញអាជ្ញាប័ណ្ណអណ្ដូងរ៉ែ បើកការដ្ឋានវាយថ្ម សរុបលើទូទាំងផ្ទៃប្រទេស មាន ៤៧៨អាជ្ញាប័ណ្ណ រីឯអាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែ មានចំនួន ២១ ចំពោះអាជ្ញាប័ណ្ណស្វែងរុករក មានចំនួន ៣៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024