ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ការសម្ដែងជុំគ្នារបស់ក្រុម Girls' Generation ត្រូវលុបចោល ក្រោយមានសមាជិកកើតកូវីដ

១០ សីហា ២០២២ | កម្សាន្ដ

 

ការសម្ដែងរបស់ក្រុមចម្រៀងនារី Girls' Generation (ហ្គើលស័ ជេនេរ៉េសិន) សម្រាប់ការ Comeback អបអរខួប១៥ឆ្នាំរបស់ពួកគេក្នុងសប្ដាហ៍នេះ ត្រូវបានរំសាយចោលក្រោយពីមានសមាជិកក្រុមបានឆ្លងជំងឺកូវីដ១៩។

 


ផលិតកម្មយក្សកូរ៉េ SM (អេសអឹម) បានប្រកាសថាការសម្ដែងរបស់ក្រុមចម្រៀងនារី Girls' Generation (ហ្គើលស៍ ជេនេរ៉េសិន) លើឆាកតន្ត្រីតាមប៉ុស្តិ៍ទូរទស្សន៍ទាំងអស់នាសប្ដាហ៍នេះត្រូវបានរំសាយចោល ដោយសារសមាជិកឈ្មោះ Seohyun (ស៊ូយ៉ុន) បានឆ្លងជំងឺកូវីដ១៩។

 

 

យ៉ាងណាមិញ ផលិតកម្មខាងលើបានបញ្ជាក់ថាការឡើងសម្ដែងជុំគ្នារបស់ Girls' Generation's នឹងត្រូវលើកពេលទៅពេលក្រោយជាបន្តបន្ទាប់ដោយមិនបានរំសាយចោលទាំងស្រុងឡើយ។ បន្ថែមពីនេះសមាជិកឈ្មោះ Seohyun (ស៊ូយ៉ុន) ក៏បានបង្ហោះសារសូមទោសដល់អ្នកគាំទ្រ និងសមាជិកក្រុមរបស់ខ្លួនផងដែរ ដោយនាងសង្ឃឹមថានឹងអាចឆាប់ជាសះស្បើយដើម្បីអាចបានឡើងសម្ដែងនៅសប្ដាហ៍ក្រោយតែម្ដង។

 


បន្ទាប់ពីមានការប្រកាសដំណឹងអំពីការរំសាយចោលការសម្ដែងសប្ដាហ៍នេះ អ្នកគាំទ្ររបស់ក្រុមចម្រៀង Girls' Generation's(ហ្គើលស័ ជេនេរ៉េសិន) ទាំងអស់បានសម្ដែងការសោកស្ដាយជាខ្លាំង ព្រោះថាការសម្ដែងរបស់ក្រុមនារីមួយនេះជាអ្វីដែលពួកគេបានទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំមកហើយ។

 

 

សូមរំលឹកថាក្រុមនារី Girls' Generation's(ហ្គើលស័ ជេនេរ៉េសិន) ទើបតែចេញផ្សាយអាល់ប៊ុមចម្រៀងជុំគ្នាជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ ដើម្បីអបអរសាទរដល់ខួបទី១៥ឆ្នាំនៃការបង្កើតក្រុមពួកគេ ដោយមានបទចម្រៀង "Forever 1" (ហ្វ័ររ៉េវើ វ័ន) ជាបទចម្រៀងនាំមុខ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024