ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

គម្រោងកម្ពុជាហាវែស ៣ នឹងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា

០៩ សីហា ២០២២ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីការបរទេសអាមេរិក នៅដើមខែសីហានេះ បានប្រកាសពីគម្រោងកម្ពុជាហាវែស ៣ ក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដែលមានរយៈពេល ៥ឆ្នាំ គ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុង វិស័យកសិកម្មក្នុងប្រទេសកម្ពុជា។

 

 

បើតាមសេចក្តីប្រកាសព័ត៌មានពី ស្ថានទូតអាមេរិកនៅកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលគម្រោង ៥ ឆ្នាំនេះ គិតចាប់ពីឆ្នាំ ២០២២ ដល់ ២០២៦ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថា នឹងរកបាន ៣៩លានដុល្លារអាមេរិក ក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ពាន់កន្លែង។លើសពីនេះ គម្រោងនេះ រំពឹងថាអាចជួយដល់ បណ្តាធុរកិច្ច និងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥លានដុល្លារ និងរកបាន ១០០លានដុល្លារ ពីការលក់។

 


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបង្ហាញភាពជឿជាក់លើគម្រោងនេះ ជឿជាក់លើដៃគូនានា ហើយចង់ធ្វើការល្អៗ ឱ្យបានច្រើនជាមួយគ្នា ព្រោះវាពិតជាមានសារៈសំខាន់ ដែលត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ។
ជាក់ស្តែង គម្រោងកម្ពុជាហាវែស ៣ នឹងធ្វើការជាមួយដៃគូកម្ពុជា ក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។

 


សូមរម្លឹកបន្តិចថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ គម្រោងកម្ពុជាហាវែស ២ សម្របសម្រួលដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិក USAID បានបិទបញ្ចប់ដោយជោគជ័យ កាលពីខែឧសភាកន្លងទៅ ដោយបានជួយជម្រុញវិស័យកសិកម្មកម្ពុជា ឲ្យប្រសើរឡើងមួយកម្រិតទៀត ដោយគម្រោងកម្ពុជាហាវែស ២ បានជួយវិស័យឯកជនបង្កើនទុនវិនិយោគប្រមាណជា ២៨លានដុល្លារអាមេរិក  បង្កើតការងារជាង ២៥០០កន្លែង និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024