ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កំណាយថ្មីនៅក្រុង Pompeii បង្ហាញពីការរស់នៅរបស់អ្នកវណ្ណៈកណ្ដាលកាលសម័យ២ពាន់ឆ្នាំមុន

០៨ សីហា ២០២២ | កម្សាន្ដ

 

ការរកឃើញថ្មីនៅឯទីក្រុងប្រវត្តិសាស្ត្រ Pompeii (ប៉ុមប៉ី) របស់ប្រទេសអ៊ីតាលី បានឲ្យតម្រុយថ្មីអំពីការរស់នៅប្រចាំថ្ងៃរបស់គ្រួសារវណ្ណៈកណ្ដាលកាលពីសម័យមុន។ 

 

 

អ្នកបុរាណវិទូក្នុងទីក្រុង Pompeii (ប៉ុមប៉ី) ប្រទេសអ៊ីតាលី បានរកឃើញបន្ទប់ថ្មីចំនួនបួននៅក្នុងផ្ទះដែលបានជីកកកាយកាលពីមុន ដែលក្នុងបន្ទប់ទាំងនោះមានពោរពេញដោយវត្ថុប្រើប្រាស់ដោយគ្រួសារវណ្ណៈកណ្ដាលក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ 

 

 

បន្ទះម្នាងសិលាត្រូវបានប្រើប្រាស់ដើម្បីផលិតនូវវត្ថុមួយចំនួន ដូចជាគ្រែដែលធ្វើអំពីឈើ និងសំណាញ់ដែលមានគ្របទៅដោយក្រណាត់ រួមទាំងទូដាក់ចានបន្សល់ទុកដោយអ្នករត់គេចចេញពីការផ្ទុះភ្នំភ្លើងដែលបានកប់ទីក្រុង Pompeii (ប៉ុមប៉ី) ក្នុងគ្រឹស្តសករាជទី ៧៩។ 

 


ការរកឃើញនេះគឺស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យា Regio V (រ៉េជីអូ វី) ជាទីតាំងរបស់សង្កាត់ដ៏ធំមួយនៃទីក្រុង Pompeii (ប៉ុមប៉ី) នាសម័យមុន ហើយក៏ជាកន្លែងដែលគេបានរកឃើញទីឧទ្ទិសដល់អាទិទេព Lares (ឡារ៉េស) កាលពីឆ្នាំ២០១៨ផងដែរ។ 

 


មានចម្ងាយ ២៣គីឡូម៉ែត្រ ពីទីក្រុង Naples (ណេប៉ល) របស់ប្រទេសអ៊ីតាលី ទីក្រុង Pompeii (ប៉ុមប៉ី) ធ្លាប់ជាជម្រករបស់មនុស្សប្រមាណ ១៣ ០០០នាក់ ពេលដែលទីក្រុងនេះត្រូវបានកប់ក្រោមផេះ ដុំគ្រួស និងធូលី ដែលកើតឡើងពីការផ្ទុះភ្នំភ្លើង។  

 


ទីក្រុងបុរាណនេះទើបតែត្រូវបានគេរកឃើញម្ដងទៀតនៅសតវត្សទី១៦ ហើយរហូតមកដល់ពេលនេះគេបានគាស់កកាយបានប្រហែល ២ភាគ៣ ប៉ុណ្ណោះ។ ទីក្រុងនេះបានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីមួយរបស់អ៊ីតាលី និងបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថែមទៀតផង៕

 

 

ប្រែសម្រួល៖វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024