ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥

ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ សាលារៀនចំនួន ៧ នៅភ្នំពេញ រងការលិចទឹក ប៉ុន្តែបានដំណើរការវិញហើយ

២៩ កក្កដា ២០២២ | ព័ត៌មានជាតិ


ភ្លៀងធ្លាក់ខ្លាំងៗប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យបរិវេណសាលារៀនចំនួន ៧ ក្នុងរាជធានីភ្នំពេញ រងការលិចទឹក។ ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី២៧កក្កដា មានកិច្ចអន្តរាគមន៍ ឱ្យសាលាទាំងនោះ ដំណើរបានឡើងវិញហើយ នៅសល់តែសាលារៀនមួយប៉ុណ្ណោះ ដែលកំពុងអន្តរាគមន៍ជិតរួចរាល់។ នេះបើតាមការអះអាងរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

 


ភ្លៀងធ្លាក់ខ្លាំងៗជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យបរិវេណសាលារៀនចំនួន ៧ នៅក្នុងរាជធានីភ្នំពេញ រងការលិចទឹក ។ ក្នុងនោះសាលារៀនចំនួន ៣ ដែលលិចទឹកដែរ ប៉ុន្តែនៅអាចដំណើរការសិក្សាបាន គឺ ១.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន , ២. អនុវិទ្យាល័យគោកបញ្ជាន់ និង៣. អនុវិទ្យាល័យវត្តដំបូងខ្ពស់ ។

 

 

ចំណែកសាលារៀនចំនួន ៤ ផ្សេងទៀត ដែលមិនអាចដំណើរការសិក្សាបាននោះគឺ៖ ១.សាលាបឋមសិក្សាវត្តហា , ២. សាលាបឋមសិក្សាគោកបញ្ជាន់ , ៣.សាលាបឋមសិក្សាដើមគរ និង៤.វិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹស ។ ប៉ុន្តែបន្ទាប់ពីមានកិច្ចអន្តរាគមន៍រវាងគណៈគ្រប់គ្រងសាលារៀន និងជាជ្ញាធរមក សាលារៀនបានដំណើរការឡើងវិញចំនួន ៦ ហើយ លើកលែងតែវិទ្យាល័យសម្ដេចហ៊ុនសែនព្រែកកំពឹស មួយគត់ ដែលកំពុងអន្តរាគមន៍ជិតរួចរាល់ ។

 

 

ហេតុនេះ ប្រសិនបើពុំមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតទេ សាលារៀននោះនឹងត្រូវបានដំណើរការឡើងវិញដែរ ។ នេះគឺជាការអះអាងរបស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកិឡា រាជធានីភ្នំពេញ ថ្លែងប្រាប់ PNN តាម តេឡេហ្ក្រាម នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ម្សិលម៉ិញនេះ ។រីឯនៅថ្នាក់ជាតិឯណោះវិញ ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ PNN ថា ក្រសួងអប់រំ បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពជាក់ស្តែង ។

 

 

ក្រសួងអប់រំ យុវជន និងកីឡាមានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបាន និង កំពុងបន្តកិច្ចសហការដូចបណ្តាឆ្នាំកន្លងមកដែរ ជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បី ត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង ។ ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងរដូវភ្លៀងនេះ ក្នុងការបន្តថែទាំសុខភាព និងបន្តគោរពច្បាប់ចរាចរណ៍ ដើម្បី ចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់ដោយប្រការផ្សេងៗ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025