ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ភោជនីយដ្ឋាននៅប្រទេសជប៉ុនប្រើប្រាស់រ៉ូបូតចម្អិនអាហារ ព្រោះកម្លាំងពលកម្មកាន់តែខ្សត់ខ្សោយ

០៧ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

ភោជនីយដ្ឋាននៅប្រទេសជប៉ុនចាប់ផ្ដើមប្រើប្រាស់រ៉ូបូត ដើម្បីបំពេញការងារជាចុងភៅចម្អិនអាហារជំនួសដៃជើងរបស់មនុស្ស។ ចំណាត់ការនេះធ្វើឡើងនៅក្នុងពេលដែលប្រទេសជប៉ុនខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង។

 

 

 

 

រ៉ូបូតដែលអាចចម្អិនអាហារបែបអ៊ីតាលីឈ្មោះប៉ាស់ស្តា(pasta)ចាប់ផ្ដើមបម្រើការងារនៅក្នុងភោជនីយដ្ឋាននៃទីក្រុងតូក្យូ។ ភោជនីយដ្ឋានធំៗនៅប្រទេសជប៉ុនដែលមានផ្លាកយីហោប្រុងតូ(Pronto) ទើបតែបើកសម្ពោធដាក់ឲ្យប្រើប្រាស់នូវរ៉ូបូតស៊េរីទំនើបនៅក្នុងហាងរបស់ខ្លួនកាលពីពេលថ្មីៗនេះ។

 

អតិថិជនអាចកុម្ម៉ង់ទិញប៉ាស់ស្តាតាមស្មាតហ្វូនដោយប្រើប្រាស់ឃ្យូអ័រកូដ(QR Code)សម្រាប់ជ្រើសរើសបញ្ជីមុខអាហារដែលខ្លួនចង់ញ៉ាំ។ ការងារទាំងប៉ុន្មានសឹងតែរ៉ាប់រងធ្វើដោយរ៉ូបូតទាំងស្រុង។ ជានិច្ចកាល គិតតាំងពីចាប់ផ្ដើមដំបូង រហូតដល់ផ្សំគ្រឿង និងចម្អិនចប់សព្វគ្រប់, រ៉ូបូតត្រូវការពេល៤៥វិនាទី។ ប៉ាស់ស្តាទាំងនេះលក់ចេញមួយចានតម្លៃពី៨០០ -១០០០យ៉េន ឬស្មើនឹង៥ដុល្លារ ៨កាក់ទៅ៧ដុល្លារ ៣កាក់។

 

 

 

 

 

នៅពេលដែលចម្អិនចប់សព្វគ្រប់, មានតែពេលម្ដងគត់ដែលអាហារនេះប៉ះពាល់ដោយដៃរបស់មនុស្ស គឺនៅពេលដែលលើកអាហារជូនអតិថិជន។ បុគ្គលិកដែលបម្រើការនៅទីនេះអាចឆែកមើលចំនួនគ្រឿងផ្សំសម្រាប់ចម្អិនប៉ាស់ស្តានេះសល់ប៉ុន្មានអីប៉ុន្មាន ដោយគ្រាន់តែសម្លឹងមើលទៅលើអេក្រង់។

 

ភោជនីយដ្ឋាននេះសង្ឃឹមថារ៉ូបូតអាចជួយសម្រួលបានច្រើនមែនទែននៅក្នុងបញ្ហាខ្វះខាតកម្លាំងពលកម្ម ព្រោះវាអាចជំនួសដៃជើងរបស់មនុស្សម្នាក់ ឬពីរនាក់។ មន្ត្រីជាន់ខ្ពស់របស់សាជីវកម្មប្រុងតូ(Pronto) លោកសូគីយ៉ាម៉ា(Sugiyama) ប្រាប់ថាការបង្វឹកមនុស្សឲ្យចេះចម្អិនអាហារត្រូវការចំណាយពេលវេលាតិចមែនទែន។

 

 

 

 

 

ដូចនេះ ពេលវេលាដែលនៅសេសសល់ទាំងប៉ុន្មានអាចចំណាយទៅលើការបង្រៀនបុគ្គលិកពីរបៀបបម្រើសេវាកម្មជូនអតិថិជន និងរបៀបប្រើប្រាស់បណ្ដាញទំនាក់ទំនង។ យើងមានផែនការបង្កើតសេវាបម្រើអាហារនៅក្នុងភោជនីយដ្ឋានប្រកបដោយភាពចាប់ចិត្ត ដោយបូកបញ្ចូលគ្នារវាងកម្លាំងពលកម្មដែលធ្វើដោយមនុស្សផង និងដោយបច្ចេកវិទ្យាផង៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024