ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងត្បូងត្រៀមប្រើប្រាស់បច្ចេកវិទ្យាកែច្នៃកាកសំណល់នៅក្នុងនាវាបណ្ដែតទឹកលើផ្ទៃសមុទ្រ

០៧ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងត្រៀមប្រើប្រាស់បច្ចេកវិទ្យាដ៏ថ្មីសន្លាងរបស់ខ្លួន ដែលអាចកែច្នៃសំរាម និងកាកសំណល់ដែលគេបោះចោលទៅក្នុងទឹកសមុទ្រ ឬដែលរសាត់អណ្ដែតទៅទើនៅលើច្រាំង។ បើដូច្នេះមែន, គេអាចមានលទ្ធភាពប្រើប្រាស់សំរាមទៅជារបស់មានប្រយោជន៍ដោយកែច្នៃនៅក្នុងនាវាបណ្ដែតកណ្ដាលសមុទ្រ មិនចាំបាច់ដឹកជញ្ជូនទៅលើគោកទេ។

 

 

 

 

គ្រាន់តែនៅក្នុងឆ្នាំ២០២០, កូរ៉េអាចប្រមូលសំរាមនៅលើផ្ទៃសមុទ្រចំនួន១៣៨ ០០០ តោន (១សែន ៣ម៉ឺន ៨ពាន់តោន)ដើម្បីបម្លែងទៅជាថាមពលអគ្គិសនី។ នៅទីក្រុងពូសាន គេប្រមូលបានកាកសំណល់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានតាំងពីសម្បកកង់ឡានចាស់ៗ, កំប៉ុងប្រេងម៉ាស៊ីន និងកញ្ចប់នំចំណីដែលមនុស្សយើងញ៉ាំហើយបោះចោលឥតសណ្ដាប់ធ្នាប់។

 

បើគេកែច្នៃកាកសំណល់ទាំងនេះនៅលើគោក ឃើញថាវាអាចនឹងប៉ះពាល់បរិស្ថាន ហើយចំណាយលុយកាក់ច្រើនដើម្បីបំផ្លាញសំរាមទាំងនេះ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ, គេអាចសម្ងួត និងកិនសំរាមឲ្យម៉ដ្ឋនៅក្នុងនាវាដែលចតកណ្ដាលសមុទ្រ។ គេអាចកែច្នៃសំរាមទៅជាឧស្ម័នអ៊ីដ្រូហ្សែនដែលជាថាមពលសម្រាប់ដំណើរការនាវា។

 

នេះជាគម្រោងកែច្នៃសំរាមកណ្ដាលសមុទ្រដំបូងគេនៅលើពិភពលោក ដែលបម្លែងទៅជាថាមពលស្អាត។


 

 

 

 

 

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យពូសានប្រាប់ថាគេអាចបម្លែងកាកសំណល់ផ្ទះបាយទៅជាឧស្ម័នអ៊ីដ្រូហ្សែន ដែលអាចប្រើប្រាស់ជាឥន្ធនៈសម្រាប់ដំណើរការនាវាតូចធំគ្រប់ប្រភេទ។

 

គម្រោងកែច្នៃនេះត្រូវប្រើប្រាស់សោហ៊ុយ៤៥ប៊ីលានវុន ឬស្មើនឹងជាង៣លានដុល្លារ ដោយមានក្រុមហ៊ុនឯកជនចំនួន១៦ចូលរួម។ មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានសមុទ្រ និងជលផលប្រាប់ថាគោលដៅរបស់យើងគឺអភិវឌ្ឍ និងទាញប្រយោជន៍ពីបច្ចេកវិទ្យាថ្មី មុននឹងប្រឡូកនៅក្នុងទីផ្សារពិភពលោកតាមរយៈគម្រោងកែច្នៃកាកសំណល់៕

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024