ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ ជំរុញឲ្យពន្លឿនការងារស្ដារប្រឡាយបឹងត្របែក ដើម្បីត្រៀមជើងព្រួល បញ្ចៀសការលិចលង់ក្នុងរដូវវស្សានេះ

០៧ កក្កដា ២០២២ | ព័ត៌មានជាតិ



អាជ្ញាធររាជធានីភ្នំពេញ បានជំរុញពន្លឿនការងារស្ដារប្រឡាយបឹងត្របែក អោយបានលឿន ដើម្បីបើកផ្លូវទឹកហូរ ទៅដល់ស្ថានីយបូមទឹកបឹងត្របែក ហើយដើម្បីឲ្យស្ថានីយ អាចមានលទ្ធភាពបូមទឹកចេញបានឆាប់រហ័ស។ ការពន្លឿនការងារស្ដារប្រឡាយបឹងត្របែកនេះ គឺដើម្បីកាត់បន្ថយភាពលិចលង់ក្នុងទីក្រុង នារដូវវស្សានេះ។ 

 


ការជំរុញឲ្យពន្លឿនការងារស្ដារប្រឡាយបឹងត្របែក ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងអំឡុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពប្រឡាយនិងបឹងត្របែក កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២។

 

 

ការជំរុញឲ្យពន្លឿនការងារស្តារឲ្យបានឆាប់រហ័សនេះ មានគោលបំណង បើកផ្លូវទឹកហូរឲ្យធំជាងមុន ទៅកាន់ស្ថានីយបូមទឹកបឹងត្របែក ដើម្បីបញ្ចៀសភាពលិចលង់ក្នុងទីក្រុងនារដូវវស្សានេះ ។ 

 


ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឧត្តុនិយម កាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកនេះអោយអស់ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចជួយសម្រួលដល់ម៉ាស៊ីនបូមទឹក។

 


សូមជម្រាបថា ប្រឡាយបឹងត្របែក ដែលត្រូវស្តារឡើងវិញមានប្រវែងជាង៨០០ម៉ែត្រ ។ តាមគម្រោង ទំនប់ជាប់នឹងប្រឡាយ នឹងត្រូវធ្វើជាផ្លូវចាក់បេតុង សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ក៏ដូចជាងាយស្រួលដាក់គ្រឿងចក្រសម្រាប់ស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ ។

 


គួរបញ្ជាក់ថា ស្ថានីយបូមទឹកបឹងត្របែក មានតួនាទីសំខាន់ដំណើរការបូមរំដោះទឹកភ្លៀង និងទឹកស្អុយពីកណ្តាលទីក្រុង បញ្ជូនទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ៕

 

 

អត្ថបទ៖ សន រដ្ឋា, រូបភាព៖ ញិល សុជា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024