ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងចេញដើរលេងកម្សាន្តប្រចាំសប្តាហ៍ថ្ងៃទី១ ខែកក្កដា ប្រមាណ៣០ម៉ឺននាក់ 

០៦ កក្កដា ២០២២ | សេដ្ឋកិច្ច

 

ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានប្រមាណ៣០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានជាង ២៧ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១ម៉ឺន ៨ពាន់នាក់។ 

 

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា តួលេខនេះ គឺមានការថមថយប្រមាណ ៦,៧៣ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀង ចលនា ទេសចរផ្ទៃក្នុងតែងមានការ ថមថយ ជាធម្មតា ។ 


ប៉ុន្តែគោលដៅទេសចរណ៍នៃខេត្តព្រះសីហនុ នៅតែជាគោលដៅពេញនិយមដែលទទួលបានភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាងគេ ខណៈដែលខេត្តសៀមរាប ក៏បានទទួលភ្ញៀវទេសចរច្រើនផងដែរបន្ទាប់ពីមានបើកដំណើរការរមណីយដ្ឋានសំខាន់មួយចំនួន និងការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសជាបន្តបន្ទាប់។

 


ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air) បានភ្ជាប់ជើងហោះហើរពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងទៅខេត្តដាណាងប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ជាមួយការកម្រើកឡើងវិញនូវអ្នកឆ្លងជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំក្រើនរម្លឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)។

 


សូមជម្រាបជូនថា ចំពោះគោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកែប រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024