ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
ប្រជាពលរដ្ឋប្រហែល ២ ០០០ នាក់បាននាំគ្នាស្រាតខោអាវចេញ ហើយសម្រុកចូលទៅងូតទឹកដ៏សែនត្រជាក់ក្នុងរដូវរងានៅរដ្ឋតាស្មានៀ (Tasmania) នៅប្រទេសអូស្ត្រាលីនៅពេលអរុណរះនាព្រឹកថ្ងៃពុធកាលពីសប្ដាហ៍មុនសម្រាប់ព្រឹត្តិការណ៍ហែលទឹកអាក្រាតកាយ Dark Mofo ប្រចាំឆ្នាំ។
ទោះជាស្ថិតនៅក្នុងសីតុណ្ហភាពខ្យល់ត្រជាក់កម្រិត ៥ ដឺក្រេក៏ដោយប៉ុន្តែវាមិនបានធ្វើឱ្យប្រជាពលរដ្ឋដែលពាក់មួកក្រហមមានការខ្លាចញញើតក្នុងការរត់ចូលទៅក្នុងទន្លេ ឌឺវ៉ិន (Derwent) នៅជិតតំបន់ឡុងប៊ិចនៅក្នុងទីក្រុងហូបាត (Hobart) ប្រទេសអូស្ត្រាលីដើម្បីប្រារព្ធរាត្រីដែលយូរជាងគេបំផុតប្រចាំឆ្នាំ២០២នេះ។
ព្រឹត្តិការណ៍ Dark Mofo នេះគឺជាពិធីបុណ្យរដូវរងារប្រចាំឆ្នាំដែលរៀបចំឡើងដោយសារមន្ទីរសិល្បៈចាស់និងថ្មី (MONA) នៅក្នុងទីក្រុងហូបាតដើម្បីប្រារព្ធនូវទំនៀមទម្លាប់ និងពិធីសាសនាពីបុរមបុរាណ ហើយកម្មវិធីហែលទឹកនេះត្រូវបានចាប់ផ្ថើមធ្វើលើកដំបូងក្នុងឆ្នាំ២០១៣និងមានប្រជាប្រិយភាពកើនឡើងចាប់ពីពេលនោះមកដោយគ្រាន់តែប្រកាសលក់សំបុត្រភ្លាមក៏លក់ដាច់អស់ភ្លែតតែម្ដង។
អ្នកចូលរួមហែលទឹកម្នាក់និយាយថា និយាយតាមត្រង់ទៅ វាពិតជាអស្ចារ្យណាស់សម្រាប់ព្រឹត្តិការណ៍នេះ។ គាត់ពិតជាមានអារម្មណ៍រំភើបនិងភ័យខ្លាចមែនទែន។ មិត្តភក្តិរបស់គាត់បានចាប់អូសដៃគាត់ឱ្យចូលរួមការហែលទឹកអាក្រាតកាយនេះ។ គាត់ពិតជាខ្លាចភាពត្រជាក់ជាងខ្លាចភាពអាក្រាតទៅទៀត ប៉ុន្តែពេលនេះគាត់ធ្វើបានសម្រេចហើយ។
អ្នកហែលទឹកម្នាក់ទៀតនិយាយថា វាពិតជាល្អណាស់ និងគួរឱ្យរំភើបចិត្តខ្លាំងណាស់។ ផ្សែងនៅក្នុងលំហពិតជាស្រស់ស្អាតមែនទែនដោយវាបានរសាត់អណ្ដែតជុំវិញអ្នកអាក្រាតកាយទាំងនេះ។
ចំណែកម្នាក់ទៀតនិយាយថា ដូចជាគ្មានអ្វីត្រូវខ្លាចនោះទេព្រោះគាត់ធ្លាប់បានចូលរួមពីមុនមកហើយ។ វាត្រជាក់ខ្លាំងណាស់នៅទីនោះប៉ុន្តែសូមកុំភ័យខ្លាចឱ្យសោះបើមិនដូច្នេះទេគេនឹងមិនអាចជម្នះភាពត្រជាក់នេះបានទេពោលគឺត្រូវទប់ស្មារតីឱ្យនឹងដោយគ្រាន់តែព្រលែងឱ្យវាប្រព្រឹត្តទៅដោយខ្លួនវាគឺជាការស្រេច៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន