ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋមួយចំនួននៅទីក្រុងម៉ិកស៊ីកូប្រមូលផ្ដុំគ្នាសម្រាប់ថ្នាក់រៀនក្បាច់គុនដ៏ធំបំផុតក្នុងពិភពលោក

០៦ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលរស់នៅទីក្រុងម៉ិកស៊ីកូប្រទេសម៉ិកស៊ិកបានប្រមូលផ្ដុំគ្នាដើម្បីបង្កើតកំណត់ត្រាពិភពលោក World Guinness ថ្មីមួយកាលពីពេលថ្មីៗកន្លងទៅនេះដោយនាំគ្នាចូលរួមក្នុងថ្នាក់ប្រដាល់ដែលមានអ្នកចូលរួមច្រើនជាងគេបំផុតនៅក្នុងពិភពលោក។




 

 

ជាមួយកាយវិការលើកដៃដាល់ទៅមុខនិងឡើងទៅលើព្រមទាំងលើកទាំង២បាំងមុខនិងចលនាលោតតិចដោយប្រើកម្លាំងចុងជើងនោះ ប្រជាពលរដ្ឋសរុបចំនួន ១៤ ២៩៩ នាក់បានប្រមូលផ្ដុំគ្នានៅទីលាន ហ្សូខាឡូ (Zocalo) នៅក្នុងទីក្រុងម៉ិកស៊ីកូដើម្បីចូលរួមក្នុងថ្នាក់រៀនក្បាច់ប្រដាល់នេះក្រោមការរៀបចំឡើងដោយអភិបាលក្រុងម៉ិកស៊ីកូនិងក្រុមប្រឹក្សាប្រដាល់ពិភពលោក។

 

ស្ត្រីម្នាក់ឈ្មោះ រ៉ូសា អាហ្គីឡេរ៉ា (ROSA AGUILERA) បាននិយាយថា គ្រាន់តែបានឮដំណឹងពីព្រឹត្តិការណ៍នេះភ្លាម គាត់ក៏បានប្ដេជ្ញាចិត្តថានឹងចូលរួមតែម្ដងព្រោះក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺខូវីដ១៩ ពួកគេមិនបានចូលរួមព្រឹត្តិការណ៍ណាមួយឡើយ។ គាត់ពិតជារំភើបចិត្តខ្លាំងណាស់ដែលបានឃើញមនុស្សជាច្រើនចូលរួមព្រឹត្តិការណ៍កីឡានិងប្រដាល់បែបនេះ។

 

 

 

 


សកម្មជនម្នាក់ឈ្មោះ អាឡេជេនដ្រូ សានដូវ៉ល់ (ALEJANDRO SANDOVAL) បាននិយាយថា កីឡាករមួយចំនួនគឺជាផ្នែកនៃសហគមន៍អ្នកស្រឡាប់ភេទដូចគ្នា ហើយពួកគេត្រូវតែចូលរួមបង្ហាញឱ្យគេបានឃើញពីភាពចម្រុះគ្នានៅទីក្រុងម៉ិកស៊ីកូនេះ។

 


ម្ចាស់ជើងឯកប្រដាល់ម៉ិកស៊ិកដូចជាលោក ម៉ារីណា ជូរ៉េស (Mariana Juarez) លោក អាណា ម៉ារី តូរ៉េស (Ana Maria Torres) និងលោក ដេវីដ ពីកាសូ (David Picasso) បានដឹកនាំថ្នាក់ក្បាច់គុនដ៏ធំនេះរយៈពេល ៣០ នាទីខណៈដែលអ្នកចូលរួមខ្លះបានពាក់អាវពណ៌បៃតង ស និងក្រហមដែលជាពណ៌ទង់ជាតិរបស់ប្រទេសម៉ិកស៊ិក។


សូមរំលឹកថា ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីធ្លាប់បំបែកកំណត់ត្រាបែបនេះនៅក្នុង២០១៧ដោយមានអ្នកចូលរួម ៣ ០០០ នាក់៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024