ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តារាល្បីៗបណ្ដើរគ្នាមកទាំងគ្រួសារក្នុងពិធីសម្ពោធរឿង Thor វគ្គបួននៅអង់គ្លេស

០៦ កក្កដា ២០២២ | កម្សាន្ដ

 

ភាពយន្ត "Thor" (ថ) វគ្គទីបួន បានសម្ពោធចាក់បញ្ចាំងនៅឯចក្រភពអង់គ្លេស ដោយតួអង្គសម្ដែង ក៏ដូចជាភ្ញៀវកិត្តិយសបានចូលរួមកម្មវិធីជាមួយមនុស្សសំខាន់ៗរបស់ខ្លួន ធ្វើឲ្យកម្មវិធីសម្ពោធប្រៀបដូចជាកម្មវិធីជួបជុំគ្រួសារ។ 

 


ក្នុងកម្មវិធីសម្ពោធចាក់បញ្ចាំងភាពយន្ត "Thor: Love and Thunder" (ថ ឡាវ អេន ថាន់ឌឺ) ដែលបានរៀបចំឡើងនៅឯទីក្រុងឡុងដ៍ប្រទេសអង់គ្លេស អ្នកដឹកនាំ និងជាតារាសម្ដែងលោក Taika Waititi (តៃកា វ៉ាយទីទី) បានចូលរួមជាមួយតារាចម្រៀង Rita Ora (រីតា អូរ៉ា) ដែលជាដៃគូ រួមជាមួយកូនស្រីតូចៗរបស់លោកចំនួនពីរនាក់។

 

 

ចំណែកតារាសម្ដែង Natalie Portman (ណាតាលី ផតម៉េន) ដែលជាតួឯកស្រីក្នុងភាពយន្ត បានបណ្ដើរស្វាមីជាអ្នកបង្កើតក្បាច់រាំឈ្មោះ Benjamin Millepied (ប៊េនចាមីន មីលីភីដ) ឯកីឡាការិនីវាយកូនបាល់ Serena Williams (សេរ៉េណា វីលលៀម) ក៏បានបណ្ដើរស្វាមីមកជាមួយផងដែរ។ 

 


អ្នកដឹកនាំរឿង Taika Waititi (តៃកា វ៉ាយទីទី) ដែលលោកបានចូលរួមនិពន្ធសាច់រឿងអទិទេពញញួរវគ្គថ្មីនេះផងដែរនោះ បាននិយាយថាគ្រួសារក៏ជាចំណុចសំខាន់មួយដែរក្នុងសាច់រឿងវគ្គថ្មី។ 

 

 

ស្នាដៃថ្មីចុងក្រោយរបស់អ្នកដឹកនាំរូបនេះគឺជាសាច់រឿងបន្តពីភាពយន្ត "Thor: Ragnarok" (ថ រ៉ាក់ណារ៉ុក) ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៧ ហើយក្នុងវគ្គថ្មីនេះគេនឹងឃើញតារាសម្ដែង Chris Hemsworth (គ្រីស ហេមស្វត) ជាតួអទិទេព Thor (ថ) កេណ្ឌទ័ពដើម្បីប្រយុទ្ធជាមួយតួអង្គចិត្តអាក្រក់ឈ្មោះ Gorr (ហ្គ័រ)។ 

 


យ៉ាងណាក្ដី ក្នុងថ្ងៃសម្ពោធភាពយន្តនៅទីក្រុងឡុងដ៍នេះ គេមិនឃើញវត្តមានតារាសម្ដែង Chris Hemsworth (គ្រីស ហេមស្វត) នោះឡើយ ដោយអ្នកដឹកនាំរឿង និយាយថារូបគេកំពុងជាប់រវល់ថតភាពយន្ត "Furiosa" (ហ្វូរីអូសា) នៅប្រទេសអូស្ត្រាលីឯណោះ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024