ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

«របាំនិទាន» ល្ខោនរបាំសហសម័យតម្លើងថ្មី ដើម្បីបំផុស និងលើកកម្ពស់ការអានអក្សរសិល្ប៍ខ្មែរឡើងវិញ

០៦ កក្កដា ២០២២ | កម្សាន្ដ

 

ក្រុមរបាំសហសម័យ SilverBelle ថ្មីៗនេះទើបបានបង្កើត និងតម្លើងស្នាដៃថ្មី ជាល្ខោនរបាំសហសម័យ ចំណងជើងថា «របាំនិទាន» ដែលស្នាដៃថ្មីនេះត្រូវតម្លើងក្នុងបំណងបំផុសនិងលើកកម្ពស់ការអានអក្សរសិល្ប៍ខ្មែរឡើងវិញ។


ក្រុមរបាំសហសម័យ SilverBelle ដែលមាន កញ្ញា ជុំវណ្ណ សូដាជីវី (ប៊ែល) ជា ស្ថាបនិក កាលពីចុងសប្តាហ៍កន្លងទៅ បានធ្វើបទបង្ហាញអំពី «ដំណើរការការងារនៃការអភិវឌ្ឍន៍សិល្បករ» ដែលជាកម្មវិធី Springboard ដោយ Cambodian Living Arts ដែលអនុញ្ញាតឱ្យនាងប្រកួតប្រជែងខ្លួនឯងដើម្បីបង្កើតទម្រង់សិល្បៈថ្មីបំផុត។

 

 

ការសម្តែងល្ខោនរបាំសហសម័យរបស់ខ្មែរផ្អែកលើរឿងនិទានហៅថា «របាំនិទាន» ដែលពិតជាត្រូវការបច្ចេកទេសចម្រុះ និងការច្នៃប្រឌិតសម្រាប់ការងារថ្មីនេះ។ រឿង «អ្នកឆោតទាំង៤» (The Foolish 4) ដកស្រង់ចេញពីសៀវភៅរឿងនិទានខ្មែរ ត្រូវបានកែសម្រួលទៅជាទម្រង់ល្ខោនរបាំសហសម័យ។ ការនិទានរឿងនេះមានសាររិះគន់យ៉ាងខ្លាំងនៅខាងក្នុង ដែលអាចនាំមនុស្សឱ្យដឹងពីអ្វីដែលត្រូវនិងខុស បណ្តុះបណ្តាលចិត្តឱ្យឆ្លាតវៃ។

 


ស៊ីជម្រៅជាងនេះទៅទៀតនោះ ស្ថាបនិកក្រុម SilverBelle មានបំណងចង់ឱ្យស្នាដៃរបាំនិទាន ក្លាយជាបំផុសនិងលើកកម្ពស់ការអានអក្សរសិល្ប៍ខ្មែរឡើងវិញ ខណៈបច្ចុប្បន្នអត្រាការអាននៅកម្ពុជាមានការធ្លាក់ចុះ ចំណែកការអានរឿងនិទានអក្សរសិល្ប៍ទៀតសោតក៏កាន់តែខ្សត់ខ្សោយ។

 


អ្នកឆោតទាំង៤ ចូលរួមសម្តែងដោយសិល្បករប្រុសស្រីចំនួន៤នាក់ ក្នុងនោះ ២នាក់ ជាសិល្បករចំនូលថ្មីដែលត្រូវស្ថាបនិកក្រុម SilverBelle ជ្រើសរើសមករួមបង្កើតស្នាដៃថ្មីជាមួយគ្នា។ សិល្បករចំនូលថ្មីនោះគឺ អ្នកចម្រៀងរ៉េប សាំង សុខសេរី និងសិល្បករវ័យក្មេងមកពីខេត្តសៀមរាប ឈុន បារមី ហៅ ដុល្លារ។ 

 

 

ជាលើកដំបូងដែលបានចូលរួមសម្តែងរបាំសហសម័យ សេរី និង បារមី លើកឡើងថា វាពិតជាថ្មីហើយប្លែកសម្រាប់អ្នកទាំងពីរ ហើយក៏មានផលវិបាកច្រើនណាស់ដែល ប៉ុន្តែអ្នកទាំងពីរសប្បាយចិត្ត និងរីករាយចំពោះលទ្ធផលដែលទទួលបាន។

 

 

យ៉ាងណាមិញ លើកនេះគ្រាន់ជាការសម្តែងសាកល្បងរបស់ «របាំនិទាន» ប៉ុណ្ណោះ ប៉ុន្តែក្រោយពីនេះ កញ្ញា ជុំវណ្ណ សូដាជីវី មានគម្រោងនឹងបញ្ចប់ស្នាដៃនេះឱ្យស្អាត ដើម្បីយកទៅសម្តែងតាមខេត្ត តាមសាលារៀន ដើម្បីឱ្យយុវវ័យនិងកូនសិស្សអាចស្វែងយល់បន្ថែមពីការអានបានច្រើនជាងមុន។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024