ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រថយន្តអាប៊ុលបានកិនកម្ទេចម៉ូតូធំៗដែលបង្កសំឡេងរំខានសាធារណៈនៅបុរីញូវយ៉កសហរដ្ឋអាមេរិក

០៦ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

ប៉ូលិសបានប្រើរថយន្តអាប៊ុលមួយគ្រឿងដើម្បីកិនកម្ទេចចោលម៉ូតូធំៗនិងម៉ូតូកង់បួនខុសច្បាប់ដែលបង្កសំឡេងរំខានដល់សាធារណជននៅក្នុងសង្កាត់ព្រូកលីន (Brooklyn) នៅក្នុងបុរីញូវយ៉កសហរដ្ឋអាមេរិកក្រោយពីប៉ូលិសបានរឹបអូសកាលពីពេលប៉ុន្មានសប្ដាហ៍មុននេះ។

 

 

 

 

អភិបាលក្រុងញូវយ៉កលោក អេរិក អាដាម (Eric Adams) បានគ្រវីទង់ជាតិដើម្បីជាការផ្ដល់សញ្ញាដល់គ្រឿងចក្រអាប៊ុលក្នុងការចាប់ផ្តើមព្រឹត្តិការណ៍កិនកម្ទេចម៉ូតូធំ និងម៉ូតូកង់បួនឬហៅថា ATVs សរុបចំនួន ១០០ គ្រឿងនៅក្នុងបុរីញូវយ៉កកាលពីសប្ដាហ៍មុន។

 

លោកបានបញ្ជាក់ពីមូលហេតុនៃការកិនកម្ទេចម៉ូតូទាំងនេះថា ប្រភេទម៉ូតូ និងម៉ូតូកង់បួន ATV ទាំងនេះមិនត្រឹមតែបង្កបញ្ហានិងការរំខានដល់សាធារណជនប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ដែរ»។

 

ប៉ូលិសក្រុងញូវយ៉កបានទទួលទូរស័ព្ទរបស់ប្រជាពលរដ្ឋពីការរំខាន និងការភ័យខ្លាចរបស់ពួកគេចំពោះម៉ូតូនេះ ហើយប៉ូលិសក៏បានរឹបអូសយកទៅកម្ទេចចោលនៅពេលនេះតែម្ដង។

 

 

 

 


ម៉ូតូធំនិងម៉ូតូកង់បួន ATVs ចំនួន ១០០ គ្រឿងដែលត្រូវបានកិនកម្ទេចចោលនេះគឺជាផ្នែកមួយនៃយានយន្តខុសច្បាប់ចំនួន ២ ០០០ គ្រឿងដែលប៉ូលិសក្រុងញូវយ៉កបានដាក់ពង្រាយកម្លាំងដើម្បីតាមប្រមាញ់ម៉ូតូទាំងនេះរួចហើយក្នុងឆ្នាំនេះ ហើយចំនួននេះគឺបានកើនឡើង ៨៨% បើធៀបនឹងឆ្នាំមុន។

 

លោក អាដាម បាននិយាយថា ម៉ូតូទាំងនេះត្រូវតែកិនកម្ទេចឱ្យទៅជាកាកសំណល់អេតចាយដើម្បីកុំឱ្យបង្កការភ័យខ្លាចនៅក្នុងបុរីនេះម្ដងទៀតដូច្នេះហើយគេមិនចាំបាច់យកវាទៅលក់ ឬក៏បរិច្ចាគទៅឱ្យផ្នែកណាមួយនោះដែរដើម្បីកុំឱ្យម៉ូតូនេះត្រឡប់មកបើកលើផ្លូវម្ដងទៀត។

 

សូមបញ្ជាក់ថា ប្រភេទម៉ូតូធំ និងម៉ូតូ ATVs នេះអាចបើកបានតែនៅលើលំមិនក្រាលកៅស៊ូតែប៉ុណ្ណោះប៉ុន្តែវាគឺជាការខុសច្បាប់នៅពេលគេបើកម៉ូតូប្រភេទនេះនៅតាមផ្លូវនៅក្នុងញូវយ៉កសហរដ្ឋអាមេរិក៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024