ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ KHQR ជំរុញការទូទាត់កាន់តែងាយស្រួលនិងមានស្តង់ដារ

០៥ កក្កដា ២០២២ | សេដ្ឋកិច្ច

 

ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធ KHQR (ខេ អេច យ្យូ អរ) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់នានា ដែលឆ្លើយតបទៅនឹង តម្រូវការរបស់សាធារណជន ក៏ដូចជា ការបង្កើតស្តង់ដារថ្មីមួយ សម្រាប់ការធ្វើសមាហរណកម្មទូទាត់អន្តរជាតិ នាពេលអនាគត។


លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ស្ថិតក្នុងបរិបទនៃ បដិវត្តន៍ឧស្សាហកម្ម ៤.០ បានធ្វើឱ្យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្លាយជាសមាសធាតុយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ នាពេលបច្ចុប្បន្ន ជាពិសេសប្រព័ន្ធទូទាត់ឌីជីថល ដែលបាននិងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការសម្រួលការទូទាត់ជាអេឡិចត្រូនិក ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។


លោកជំទាវ បន្តថា ការដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធ KHQR គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ របស់សាធារណជន ក៏ដូចជា ការបង្កើតស្តង់ដារថ្មីមួយ សម្រាប់ការធ្វើសមាហរណកម្មទូទាត់អន្តរជាតិ នាពេលអនាគត។

 


លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានថ្លែងឱ្យដឹងដែរថា ការដាក់ឱ្យដំណើរការប្រព័ន្ធ KHQR គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវ ទំនើបកម្មនៃប្រព័ន្ធទូទាត់នៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់ការទូទាត់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ជម្រុញនវានុវត្តន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

 


លោក បន្តថា KHQR នឹងសម្រួលដល់ការ ទូទាត់ឆ្លងគ្រឹះស្ថាន ដែលពីមុនការទូទាត់តាម QR Code ត្រូវបានធ្វើឡើងដាច់ដោយឡែកពីគ្នា រវាងគ្រឹះស្ថាននីមួយៗ ប៉ុន្តែជាមួយនឹងប្រព័ន្ធ KHQR ដែលបានដាក់ឱ្យដំណើរការដោយ ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ននេះ ការទូទាត់តាមប្រព័ន្ធ QR Code អាចធ្វើឡើងលើប្រព័ន្ធរួមតែមួយ ជាពិសេសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកនៃប្រព័ន្ធបាគង។

 


សូមជម្រាបថា គិតចាប់ពីថ្ងៃចេញប្រកាសក្នុងខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្នមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៣៧ បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះ ២៩គ្រឹះស្ថាន បានដាក់ឱ្យដំណើរការសាកល្បងប្រកបដោយជោគជ័យ នៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករប្រមាណ ២៣ម៉ឺនទីតាំង៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ និន សុខលី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024