ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

Adele បានឡើងសម្ដែងលើកដំបូង ចាប់តាំងពីពន្យារពេលប្រគំតន្ត្រីកាលពីដើមឆ្នាំ

០៥ កក្កដា ២០២២ | កម្សាន្ដ

 

កំពូលតារាចម្រៀងអង់គ្លេស Adele (អាឌេល) បានឡើងសម្ដែងលើឆាកតន្ត្រីជាថ្មីម្ដងទៀត ក្រោយពីបានពន្យារពេលការសម្ដែងកាលពីខែមករា ដោយសារជំងឺរាតត្បាតកូវីដ១៩។


តារាចម្រៀងអង់គ្លេស Adele (អាឌេល) បានឡើងសម្ដែងលើឆាកតន្ត្រីដំបូងរបស់ខ្លួនគិតចាប់ពីខែមករា ដែលឆាកតន្ត្រីនេះបានរៀបចំឡើងនៅឯសួនច្បារ BST Hyde (ប៊ីអេសធី ហាយ) ស្ថិតក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។

 

 

ការសម្ដែងរបស់តារាចម្រៀងវ័យ៣៤ឆ្នាំរូបនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍មហោស្រពតន្ត្រីរបស់អង់គ្លេស ហើយនាងបានឡើងសម្ដែងបទល្បីៗជាច្រើន រួមទាំងបទចម្រៀងដកស្រង់ចេញពីអាល់ប៊ុមចម្រៀងចុងក្រោយដែលបានជាប់លេខមួយក្នុងប្រទេសចំនួន៣០ ពេលចេញផ្សាយកាលពីខែវិច្ឆិកា។

 

 

រំលឹកទៅកាលខែមករា Adele (អាឌេល) បានថតវីដេអូនិយាយទាំងទឹកភ្នែករលីងរលោង ដើម្បីសូមទោសចំពោះការពន្យារពេលឆាកប្រគំតន្ត្រីនៅឯទីក្រុង Las Vegas (ឡាស វេហ្គាស) សហរដ្ឋអាមេរិក ដោយសារក្រុមការងាររបស់នាងចំនួនពាក់កណ្ដាលបានឆ្លងជំងឺកូវីដ១៩។ 

 

 

ក្រោយពីការចេញផ្សាយអាល់ប៊ុមថ្មី Adele (អាឌេល) គ្រោងចាប់ផ្ដើមការប្រគំតន្ត្រីឈ្មោះថា "Weekends with Adele" (វីកខេន វីត អាឌេល) ដែលជាប្រគំតន្ត្រីនៅរៀងរាល់ចុងសប្ដាហ៍រយៈពេលបីខែជាប់គ្នា។ មកទល់ពេលនេះ អ្នករៀបចំកម្មវិធីនៅមិនទាន់ប្រកាសពីកាលបរិច្ឆេទថ្មីសម្រាប់ការប្រគំតន្ត្រី នេះនៅឡើយទេ ហើយសាមីខ្លួនផ្ទាល់ក៏មិនបានចែករំលែកអំពីដំណឹងថ្មីជុំវិញការប្រគំតន្ត្រីនេះដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024