ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សមិទ្ធិផល៣រឿងពី «សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន» ត្រូវបានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា 

០៥ កក្កដា ២០២២ | កម្សាន្ដ

 

បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលក្នុងថ្នាក់ថតនៅកន្លែងផ្ទាល់ និងកាត់តក្នុងថ្នាក់ សមិទ្ធិផល៣រឿងពី «សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន» ត្រូវបានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ កាលពីចុងសប្តាហ៍កន្លងទៅ។

 


សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន (CJFW) ត្រូវបានសហការរៀបចំឡើងដោយការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន និងអង្គការភាពយន្តឈូករ័ត្ន (SFO)។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវជំនាញផលិតភាពយន្តដល់សមិទ្ធិករពាក់កណ្ដាលអាជីពនៅកម្ពុជាឱ្យបន្តគន្លងអាជីពរបស់ខ្លួន និងពង្រឹងកិច្ចស្វែងយល់រវាងវប្បធម៌កម្ពុជា និងជប៉ុនឱ្យកាន់តែប្រសើរឡើង តាមរយៈភាសារួមរបស់យើងគឺភាពយន្ត។ 

 


ឆ្លងកាត់រយៈពេល៩ថ្ងៃជាប់គ្នា កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយមានការបណ្តុះបណ្តាលក្នុងថ្នាក់ថតនៅកន្លែងផ្ទាល់ និងកាត់តក្នុងថ្នាក់វិញ សមិទ្ធិករចំនួន៣ក្រុម ដែលមានគ្នាសរុប១៦រូប ផលិតបានភាពយន្តខ្លី១ តាមក្រុមរៀងៗខ្លួន ដោយផ្អែកលើសាច់រឿងតាមប្រលោមលោកខ្លី ដែលរៀបរៀងដោយយុវអ្នកនិពន្ធកម្ពុជាស្តីអំពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។ 

 

 

ភាពយន្តខ្លីទាំង៣ ដែលជាសមិទ្ធិផលពី «សិក្ខាសាលាភាពយន្តកម្ពុជា-ជប៉ុន» ចំណងជើងថា «ទឹកជ្រោះតែមួយ», «WE MASK DATE», និង «ម្សិលមិញ, ថ្ងៃនេះ, ថ្ងៃស្អែក» ត្រូវបានបានជ្រើសរើស និងចាក់បញ្ចាំងជាផ្លូវការជូនទស្សនិកជនដោយឥតគិតថ្លៃក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា២០២២ ដែលជាមហោស្រពភាពយន្តដ៏ធំជាងគេនៅកម្ពុជាកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

 


លោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឺគិ (Mr. ISOGAYA Hiroyuki) ប្រធានការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន បានមានប្រសាសន៍ថា «យើងខ្ញុំពិតជារីករាយពន់ពេកក្រៃដែលស្នាដៃទាំងបីនេះត្រូវបានផលិតតាមរយៈសិក្ខាសាលា ហើយចាក់បញ្ចាំងនៅ CIFF នាពេលនេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនធានមនុស្សដ៏សំខាន់ដែលពាក់ព័ន្ធនឹងការផលិតភាពយន្ត ឬវីដេអូទាំងនៅក្នុងប្រទេសជប៉ុន និងកម្ពុជានឹងបង្កើតជាគុណតម្លៃថ្មីៗទៀតតាមរយៈសកម្មភាព ឬកិច្ចបន្តរួមសហការគ្នា»។ 

 


ចំណែក លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តរបស់ SFO បានលើកឡើងថា «ដោយសារគោលបំណងរបស់ SFO គឺជួយបណ្តុះបណ្តាលយុវជនខ្មែរឱ្យចាប់ផ្តើមអាជីពភាពយន្ត CJFWដើរតួនាទីសំខាន់ និងមានប្រយោជន៍ដល់ការរីកចម្រើនផ្នែកអាជីពដល់សមិទ្ធិករយើង ដែលធ្លាប់ធ្វើរឿងខ្លីខ្លះៗហើយ ក៏ដូចជាក្រុមការងារយើងរៀបចំការបណ្តុះបណ្តាលកម្រិតអន្តរជាតិ»។ 

 


គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះទទួលបានការគាំទ្រពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសហការជាមួយដៃគូបច្ចេកទេសដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC) សប្បាយណាស់ និងPanasonic៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024