ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រសួងអប់រំ ផ្ញើសារក្រើនរំឭកឱ្យប្រុងប្រយ័ត្ន ចំពោះកូវីដ-១៩ និងចាក់វ៉ាក់សាំងដូសជំរុញ

០៥ កក្កដា ២០២២ | ព័ត៌មានជាតិ


បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងអប់រំ បានផ្ញើសារក្រើនរំឭកដល់បុគ្គលិកអប់រំ ក៏ដូចជា សិស្សនិស្សិត និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្នជំងឺកូវីដ-១៩ និងឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីចូលរួមបន្តនិរន្តរភាព នៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

 


ក្រសួងអប់រំ យុវជន និងកីឡាសូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សា មាតាបិតា អ្នកអាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បី បន្តរក្សានិរន្តរភាព នៃ ការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី ។ នេះគឺជាការផ្ញើសារក្រើនរំឭករបស់ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងជាមន្ត្រីនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេហ្ក្រាម របស់ PNN នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នេះ។

 


ទន្ទឹមនឹងនេះឯកឧត្តបណ្ឌិត រស់ សុវាចា ក្នុងនាមក្រសួង អប់រំ យុវជន និងកីឡា បានកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងមាតាបិតា អ្នកអាណាព្យាបាល ដែល បាន ទៅ ទទួលយកការចាក់ វ៉ាក់សាំង ដោយស្ម័គ្រចិត្ត ដើម្បី ចូលរួមបង្ការទប់ស្កាត់នូវការឆ្លងរាលដាល នៃ ជំងឺ កូវីដ -១៩ ហើយថាស្មារតីបែបនេះ គឺជាការការពារអាយុជីវិតខ្លួនឯង និង អ្នកដទៃ ជាពិសេសរវាងគ្រូ និង សិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នា។

 


លើសពីនេះទៅឯកឧត្តមបណ្ឌិត រស់ សុវាចា ក៏បានបន្ថែមផងដែរថា ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវដល់មាតាបិតាមេត្តាបន្តជួយដំណើរការរៀនសូត្រតាមគន្លងថ្មី នៃ វិស័យអប់រំ ។

 

 

ក្នុងន័យនេះ មាតាបិតា អ្នកណាព្យាបាល គួរលើកទឹកចិត្តដល់កូនឱ្យបន្តចូលរៀនសូត្រជាប្រចាំ ហើយមាតាបិតាអ្នកអាណាព្យាបាល ក៏គួរចំណាយពេលនៅក្បែរកូន ដើម្បី អានឱ្យកូនស្តាប់ និងឱ្យកូនអានឱ្យស្តាប់វិញ ដោយជ្រើសរើសសៀវភៅអាន និងខ្លឹមសារឌីជីថល ឬសៀវភៅប្រភេទណាក៏បានដែលកូនៗចូលចិត្តអាន បន្ថែមពីសៀវភៅមេរៀនជាដើម ។ ម្យ៉ាងទៀតសូមមាតាបិតា អ្នកអាណាព្យាបាលបន្តចូលរួមក្នុងគណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បី សហការទ្រទ្រង់ការរៀននិងបង្រៀន ។ នេះគឺជាការផ្តាំផ្ញើរបស់ឯកឧត្តមបណ្ឌិត រស់ សុវាចា ដដែល៕

 

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024