ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

និយ័តករមូលបត្រកម្ពុជា៖ វិស័យទ្រព្យឌីជីថល មានសក្តានុពល និងទទួលបានការចាប់អារម្មណ៍ច្រើន

០៤ កក្កដា ២០២២ | សេដ្ឋកិច្ច

 

និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុន Binance បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតនូវ កិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ជំនាញ និងផ្តល់ប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងវិស័យទ្រព្យឌីជីថល ដែលជាវិស័យមានសក្តានុពល និងទទួលបានការចាប់អារម្មណ៍ច្រើនពី មនុស្សជុំវិញសកលលោក។

 

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា និយ័តករមូលបត្រកម្ពុជា កំពុងពិចារណា ដើម្បីបង្កើនប្រសិទ្ធភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅ FinTech ក្នុងការអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងបង្កើតទីផ្សារទ្រព្យសកម្មឌីជីថល ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពី មនុស្សជាច្រើននៅជុំវិញពិភពលោក។


ឯកឧត្តម បន្តថា ជាក់ស្តែង ដោយមើលឃើញពីសក្តានុពល និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃការជួញដូរ និងការប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថល នៅក្នុងទីផ្សារអន្តរជាតិ និយ័តករមូលបត្រកម្ពុជា ក៏បានព្រាងបទប្បញ្ញត្តិ ដើម្បីបង្កើតទីផ្សារទ្រព្យសម្បត្តិឌីជីថលនេះ សម្រាប់ការជួញដូរទ្រព្យសម្បត្តិឌីជីថល នៅក្នុងប្រទេសកម្ពុជា។

 


ជាក់ស្តែង និយ័តករមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Binance ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍ វិស័យមូលបត្រនៅកម្ពុជា ដែលក្រុមហ៊ុន Binance នឹងផ្តល់ប្រឹក្សាយោបល់ ចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស រួមបញ្ចូល ទាំងដំណើរការនិងប្រព័ន្ធជួញដូរ និងសុវត្ថិភាពទ្រព្យឌីជីថលដល់ និយ័តករមូលបត្រកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្មទ្រព្យឌីជីថលនៅកម្ពុជា។

 


លើសពីនេះ ក្រុមហ៊ុន ក៏មានការសហការ ចែករំលែកចំណេះដឹងបច្ចេកវិទ្យា ពាក់ព័ន្ធនឹងប្រតិបត្តិការទ្រព្យឌីជីថល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលលើការគ្រប់គ្រងហានិភ័យពី វិស័យទ្រព្យឌីជីថលនេះ ដល់វិនិយោគិននៅក្នុងវិស័យមូលបត្រ នៅក្នុងប្រទេសកម្ពុជា។ឯកឧត្តម ស៊ូ សុជាតិ ក៏បានបន្ថែមថា កិច្ចសហការនេះ គឺជាធាតុចូលដ៏សំខាន់ ក្នុងការរួមចំណែកដល់ការបង្កើតទីផ្សារទ្រព្យសកម្មឌីជីថល នៅក្នុងប្រទេសកម្ពុជា នាពេលអនាគត។

 


គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ន និយ័តករមូលបត្រកម្ពុជា មិនទាន់ផ្តល់ជាអាជ្ញាបណ្ណពាក់ព័ន្ធនឹងវិស័យទ្រព្យឌីជីថលនេះនៅឡើយទេ ដោយ និយ័តករមូលបត្រកម្ពុជា ត្រូវរៀបចំនូវបទប្បញ្ញត្តិ និងការងារគ្រប់គ្រងវិស័យនេះឱ្យបានច្បាស់លាស់ជាមុនសិន ដូច្នេះ គ្មានក្រុមហ៊ុនណាមួយនៅក្នុងប្រទេសកម្ពុជា ដែលអាចធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យឌីជីថលនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៅឡើយទេ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ និយ័តករមូលបត្រកម្ពុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024