ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

នាយករដ្ឋមន្រ្តីថៃ មានសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរបរទេស មកកាន់ថៃ

០៤ កក្កដា ២០២២ | សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានសម្តែងនូវអារម្មណ៍សុទិដ្ឋិទៅលើ ការព្យាករអំពី កំណើនភ្ញៀវទេសចរបរទេស ដែលត្រលប់មកកាន់ប្រទេសថៃវិញ បន្ទាប់ពីឥទ្ធិពលនៃមេរោគកូវីដ១៩ ចាប់ផ្តើមស្រាកស្រាន្ត។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានលើកឡើងថា នាយករដ្ឋមន្ត្រីថៃ មានសេចក្តីសោមនស្សរីករាយ បន្ទាប់ពីបានឮថា ប្រទេសថៃ រំពឹងថានឹងទទួលភ្ញៀវបរទេសចំនួនជាង ៩លាននាក់ និងរកចំណូលបាន ៣៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២នេះ។


គិតចាប់ពីខែមករា ដល់ថ្ងៃទី ២៨ ខែមិថុនា ភ្ញៀវទេសចរណ៍ជិត ២លាននាក់ បានមកដល់ប្រទេសថៃ ដែលបង្កើតប្រាក់ចំណូលបាន ៣ពាន់លានដុល្លារអាមេរិក ដោយភាគច្រើនពួកគេធ្វើដំណើរតាមផ្លូវអាកាស រួមមាន ជនជាតិឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងសហរដ្ឋអាមេរិក។

 


ដោយឡែក ជនជាតិម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និងចិន ស្ថិតក្នុងចំណោមប្រទេសដែលមកដល់ព្រំដែនគោកច្រើនជាងគេ។ការលុបចោលលក្ខខណ្ឌតម្រូវមួយចំនួនរបស់ថៃ បានធ្វើឱ្យពាណិជ្ជកម្មឆ្លងព្រំដែន មានភាពរស់រវើកឡើងវិញ ដោយចំនួនអ្នកធ្វើដំណើរបរទេស ដែលចូលតាមច្រកព្រំដែន បានត្រលប់មកវិញនូវកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ២ឆ្នាំ។

 


ក្រសួងទេសចរណ៍ និងកីឡាថៃ លើកឡើងថា ភ្ញៀវបរទេសប្រហែល ២លាន ៧សែននាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ចាប់ពីខែនេះ រហូតដល់ ចុងខែកញ្ញា។
ក្នុងត្រីមាសទី៤ ភ្ញៀវបរទេសប្រហែល ៤លាន ៥សែននាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសថៃ ដែលមានន័យថា ភ្ញៀវបរទេសសរុបចំនួន ៩លាន ៣សែននាក់ ដែលថៃ រំពឹងទុកនៅឆ្នាំនេះ និងសរុបជាប្រាក់ចំណូលពី វិស័យទេសចរណ៍នៅឆ្នាំនេះ ទំនងជាកើនឡើងដល់ទៅ ៣៥ពាន់លានដុល្លារអាមេរិក។

 


យ៉ាងណាមិញ ក្រុមស្រាវជ្រាវ និងវាយតម្លៃមកពី ធនាគារ TTB ក៏បានព្យាករដែរថា សកម្មភាពទេសចរណ៍ក្នុងស្រុកថៃ រំពឹងនឹងសម្រេចបាន ១៨៨លានដំណើរកម្សាន្ត និងបង្កើតជាប្រាក់ចំណូលប្រមាណ ២០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២នេះ កើនឡើង ២២៨% ធៀបនឹងឆ្នាំមុន។សូមជម្រាបថា ក្រសួងហិរញ្ញវត្ថុថៃ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចថៃ នឹងរីកចម្រើន ៣,៥% ក្នុងឆ្នាំ ២០២២នេះ រុញច្រានដោយវិស័យទេសចរណ៍ និងការនាំចេញ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024