ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Tang Wei រំលឹកពីការវិវត្តនៃអាជីពសម្ដែងរបស់ខ្លួនពាក់ព័ន្ធនឹងទីក្រុងហុងកុង

០៤ កក្កដា ២០២២ | កម្សាន្ដ

 

តារាសម្ដែងចិនដ៏ល្បីឈ្មោះ Tang Wei (ថាង វ៉ី) បានរំលឹកពីគ្រាដ៏អស្ចារ្យនៃការអភិវឌ្ឍអាជីពរបស់នាង ទាក់ទងនឹងទីក្រុងហុងកុង ដោយនាងបាននិយាយថាទាំងភាពយន្ត និងតន្ត្រីនៃហុងកុងបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅលើរូបនាង។

 


ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយប៉ុស្តិ៍ទូរទស្សន៍ចិន CCTV (ស៊ីស៊ីធីវី) ក្នុងឱកាសអបអរខួប២៥ឆ្នាំ នៃការផ្ទេរការគ្រប់គ្រងក្រុងហុងកុងពីរាជាណាចក្រអង់គ្លេសទៅឲ្យចិនដែលជាម្ចាស់ដើម តារាសម្ដែងចិន Tang Wei (ថាង វ៉ី)បានលើកឡើងអំពីការចាប់ផ្ដើម និងការកសាងទំនាក់ទំនងជាមួយឧស្សាហកម្មភាពយន្តនៃទីក្រុងហុងកុង។ 

 


ចាប់កំណើតនៅឯខេត្ត Zhejiang (ជឺជាំង) ប្រទេសចិន ក្នុងឆ្នាំ១៩៧៩ តារាស្រី Tang Wei (ថាង វ៉ី) បាននិយាយថានាងបានស្គាល់វប្បធម៌របស់ទីក្រុងហុងកុងតាំងពីនៅវ័យជំទង់មកម្ល៉េះ។ តារាស្រីរូបនេះបានចាប់ផ្ដើមការសម្ដែងក្នុងភាពយន្តផលិតនៅទីក្រុងហុងកុងកាលពីឆ្នាំ២០០៩ និងបានធ្វើការជាមួយអ្នកដឹកនាំរឿងហុងកុងល្បីៗជាច្រើនរួមមាន Ivy Ho (អាយវី ហូ), Peter Chan (ភីធើ ចាន់) និង Ann Hui On (អាន ហ៊ុន អន) ជាដើម។

 


Tang Wei  បានបន្តថាការចូលរួមផលិតភាពយន្ត "Crossing Hennessy" (ក្រូសសីង ហេនណេស៊ី) កាលពីឆ្នាំ២០០៩ គឺជាចូលរួមផលិតភាពយន្តហុងកុងដំបូងរបស់នាង។ 

 


តារាស្រីវ័យ៤២ឆ្នាំរូបនេះបានលើកឡើងថាផលិតករភាពយន្តក្នុងទីក្រុងហុងកុង និងនៅចិនដីគោកបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយនាងជឿជាក់ថានាងនឹងផ្ដល់ជូនស្នាដៃសម្ដែងល្អៗបន្ថែមទៀតតាមរយៈការធ្វើការជាមួយក្រុមការងារមកទីក្រុងហុងកុង៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024