ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កំពូលតារាចម្រៀងប៉ុប Taylor Swift ភ្ជាប់ពាក្យជាមួយមិត្តប្រុសស្ងាត់ៗ

០៤ កក្កដា ២០២២ | កម្សាន្ដ

តារាចម្រៀងប៉ុប Taylor Swift (ថេឡឺ ស្វីហ្វ) បានភ្ជាប់ពាក្យស្ងាត់ៗជាមួយមិត្តប្រុសជាតារាសម្ដែង ដែលពិធីភ្ជាប់ពាក្យបានធ្វើឡើងតាំងពីប៉ុន្មានខែមុនមកម្ល៉េះ ប៉ុន្តែទើបលេចចេញជាព័ត៌មាននាពេលថ្មីៗនេះប៉ុណ្ណោះ។ 


កំពូលតារាចម្រៀងប៉ុបអាមេរិក Taylor Swift (ថេឡឺ ស្វីហ្វ) បានភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់ខ្លួនជាតារាសម្ដែងឈ្មោះ Joe Alwyn (ចូ អាលវីន) ក្រោយពីបានមើលចិត្តគ្នាអស់រយៈពេលច្រើនឆ្នាំ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ទស្សនាវដ្ដីអង់គ្លេស The Sun (ដឺ សាន់)។

 

ប្រភពជិតស្និទ្ធនឹងតារាសម្ដែង Joe Alwyn (ចូ អាលវីន) បានឲ្យដឹងថាគូស្នេហ៍ទាំងពីរនេះបានភ្ជាប់ពាក្យស្ងាត់ៗអស់ពេលពីរ-បីខែមកហើយ ប៉ុន្តែមានតែសាច់ញាតិ និងមិត្តភក្តិដែលជិតដិតខ្លាំងប៉ុណ្ណោះដែលដឹងអំពីរឿងនេះ។

 


ប្រភពដដែលបានអះអាងទៀតថា Taylor Swift មានចិញ្ចៀនភ្ជាប់ពាក្យដ៏ស្រស់ស្អាតមួយ ប៉ុន្តែនាងពាក់តែពេលដែលនៅផ្ទះប៉ុណ្ណោះ ហើយការលាក់បាំងនេះក៏ព្រោះតែគូស្នេហ៍ទាំងពីរចង់ឲ្យស្នេហារបស់ពួកគេនៅឆ្ងាយពីកាមេរ៉ាតាមដែលអាចទៅរួច។

 

 

តារាសម្ដែងវ័យ៣១ឆ្នាំ Joe Alwyn (ចូ អាលវីន) និងតារាចម្រៀងវ័យ៣២ឆ្នាំ Taylor Swift  បានចាប់ផ្ដើមទាក់ទងគ្នាតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដែលនេះគឺជាទំនាក់ទំនងដ៏យូរអង្វែងជាងគេរបស់ Taylor Swift។ 

 

 

Joe Alwyn (ចូ អាលវីន) គឺជាតារាសម្ដែងសញ្ជាតិអង់គ្លេស ដែលស្នាដៃភាពយន្តដំបូងរបស់លោកបានចេញផ្សាយកាលពីឆ្នាំ២០១៦ ហើយស្នាដៃសិល្បៈថ្មីចុងក្រោយគឺការសម្ដែងក្នុងភាពយន្តទូរទស្សន៍ "Conversations with Friends" (ខនវើសេសិន វីត ហ្វ្រេន)។

 

 

ក្រៅពីការសម្ដែង Joe Alwyn (ចូ អាលវីន) ក៏ធ្លាប់បានចូលរួមតាក់តែងបទចម្រៀងជាមួយតារាចម្រៀង Taylor Swift (ថេឡឺ ស្វីហ្វ) ផងដែរ ដោយស្នាដៃរបស់លោកបានលេចចេញក្នុងអាល់ប៊ុមចម្រៀង "Evermore" (អេវើ ម័រ) របស់ Taylor Swift ចេញផ្សាយក្នុងឆ្នាំ២០២០៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024