ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

«លោកប៉ាមហាកូរ» ផ្តល់គុណតម្លៃដល់អ្នកទស្សនាលើសពីភាពយន្តកំប្លែង

០៤ កក្កដា ២០២២ | កម្សាន្ដ

 

 «លោកប៉ាមហាកូរ» ឬ Single dad បានសម្ពោធចាក់បញ្ចាំងកាលពីចុងសប្ដាហ៍កន្លងទៅ។ រឿងនេះត្រូវតួអង្គសំខាន់ៗពោលឡើងថា ផ្តល់គុណតម្លៃដល់អ្នកទស្សនាលើសពីភាពយន្តកំប្លែង ព្រោះវាឆ្លុះបញ្ចាំងឱ្យឃើញពីគន្លាតរវាងឪពុកនិងកូនប្រុស ដែលក្នុងសង្គមកម្រជួបប្រទះ។


ផលិតកម្ម LD Entertainment កាលពីចុងសប្ដាហ៍កន្លងទៅ បានសម្ពោធចាក់បញ្ចាំងវណ្ណកម្មស្នាដៃរឿងថ្មីប្លែករបស់ខ្លួនចំណងជើងថា «លោកប៉ាមហាកូរ» ឬ Single dad ដោយទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជន និងភ្ញៀវបានចូលទស្សនាថ្ងៃបើកសម្ពោធ ព្រោះរសជាតិសាច់រឿង និងតួអង្គថ្មីប្លែកបានធ្វើឱ្យអ្នកចូលរួមលាន់មាត់សរសើររឿងនេះជាខ្លាំង។

 


លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment លើកឡើងថា ការប្ដូរយុទ្ធសាស្ត្របញ្ចាំងរបស់ផលិតកម្ម គឺដើម្បីឱ្យទស្សនិកជនកាន់តែមានពេលវេលា និងចាប់អារម្មណ៍ថែមទៀតចំពេាះភាពយន្តមួយៗ ដែលផលិតកម្មរបស់លោកតែងតែរិះរកនូវអ្វីដែលថ្មីប្លែកសម្រាប់ចក្ខុទស្សនិកជនខ្មែរ ជាពិសេសគឺហ្វេន LD ផ្ទាល់តែម្ដង។ 

 


ចាងហ្វាង និងជាផលិតករលេចធ្លោទើបទទួលពានរង្វាន់ផលិតករឆ្នើមកាលពីពេលថ្មី មានជំនឿជាក់ថា ស្នាដៃថ្មីបូករួមការប្ដូរយុទ្ធសាស្ត្របញ្ចាំងនេះនឹងធ្វើឱ្យរឿង «លោកប៉ាមហាកូរ» ទទួលការគាំទ្រកាន់តែច្រើនឡើង។

 


តារាភាពយន្តជើងចាស់ លោក ទេព រិន្ទដារ៉ូ ដែលជាតួអង្គសំខាន់ក្នុងសាច់រឿងបានលើកឡើងថា លោកមានការភ្ញាក់ផ្អើលជាងខ្លាំងនៅពេលឃើញអ្នកចូលរួមថ្ងៃសម្ពោធពោលសរសើររឿងមួួយនេះ។ លោកពិតជាមានមោទកភាពដែលបានរួមជាចំណែកមួយក្នុងរឿងនេះ របស់ផលិតកម្ម LD Entertainment។  រឿង «លោកប៉ាមហាកូរ» ឬ Single dad ត្រូវតារាជើងចាស់នេះឱ្យដឹងថា មានគុណតម្លៃអប់រំលើសពីភាពយន្តកំប្លែង ដែលធ្វើឱ្យអ្នកមើលទទួលបានភាពសប្បាយរីករាយ ប៉ុន្តែតម្លៃអប់រំធំបំផុតនៃរឿងនេះគឺឆ្លុះបញ្ចាំងឱ្យឃើញពីគម្លាតរវាងឪពុកនិងកូនប្រុស ដែលក្នុងសង្គមបច្ចុប្បន្នគេកម្រឃើញខ្លាំងណាស់។

 


ចំណែកតារាសម្តែង ប្រុស ខូច ដែលសម្តែងជាតួអង្គកូនប្រុសរបស់ លោកប៉ាមហាកូរ សង្ឃឹមថា អ្នកមើលនឹងច្បិចយកចំនុចល្អៗ សំខាន់ៗ ក្នុងរឿងនេះ ដើម្បីទៅអនុវត្តក្នុងជិវិតរស់នៅប្រចាំថ្ងៃ ខណៈតួស្រីស្អាត សម្តែងដោយអតីត Miss Grand Cambodia 2016 ហេង ចន្ថា ចង់ឱ្យគ្រប់គ្នាឈប់មើលមនុស្សតែសម្បកក្រៅទៀត គួរណាស់ដែលឈ្វែងយល់គ្នាឱ្យបានច្រើន មុននិងសម្រេចវិនិច្ឆ័យលើអ្វីមួយ។  រឿង «លោកប៉ាមហាកូរ» នឹងចាក់បញ្ចាំងផ្លូវការគ្រប់រោងភាពយន្តនានាចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះតទៅ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024