ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ត្រីមាសទី ១ ការវិនិយោគនៅកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់

៣០ មិថុនា ២០២២ | សេដ្ឋកិច្ច

 

នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន ៤៧ ដែលមានការកើនឡើងប្រមាណ ៧% ខណៈទុនវិនិយោគសរុបឈានដល់ ២ពាន់ ៥រយលានដុល្លារអាមេរិក កើនឡើង ១៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម របាយការណ៍ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ ចេញផ្សាយនៅចុងខែមិថុនានេះ។

 


បើតាមប្រភពដដែលបានគូសបញ្ជាក់ថា គម្រោងវិនិយោគទាំង ៤៧ បង្កើតការងារជាង ៣ម៉ឺន ៧ពាន់កន្លែង ក្នុងនោះមានគម្រោងចំនួន ៤៣ ស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេស កើនឡើង ១៥គម្រោង ហើយបង្កើតការងារបាន ៣ម៉ឺន ៥ពាន់កន្លែង ដែលគម្រោងនេះមានតម្លៃ ២ពាន់ ២រយលានដុល្លារអាមេរិក កើនឡើង ២១០% ធៀបនឹងរយៈពេលដូចគ្នានេះ កាលពីឆ្នាំ ២០២១។

 


របាយការណ៍ខាងលើនេះ បានគូសបញ្ជាក់ទៀតថា ទឹកប្រាក់វិនិយោគជាង ៦០លានដុល្លារ ហូរចូលទៅក្នុងវិស័យកសិកម្ម កើនឡើង ១០៨% វិស័យថាមពល សម្រេចបាន ៣៨៩លានដុល្លារ កើនឡើង ៦០៧% វិស័យឧស្សាហកម្មមានជាង ២០០លានដុល្លារ ធ្លាក់ចុះ ៦៥% ខណៈ ការវិនិយោគក្នុងវិស័យទេសចរណ៍ឈានដល់  ១២៩លានដុល្លារអាមេរិក។

 


គម្រោងវិនិយោគទាំងនេះរួមមាន មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង វារីអគ្គិសនី រោងចក្រផលិតសំបកកង់យានយន្ត សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ កសិដ្ឋានដំាដំណាំចេក និងផ្លែឈើផ្សេងទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល។

 


ជាចុងក្រោយ របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពី ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២២នេះ ដែលរុញច្រានដោយ ការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលការនាំចេញមានកំណើនល្អ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024