ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ថ្នាក់ដឹកនាំប្រទេសថៃ ជំរុញការដំឡើងរថយន្តអគ្គិសនី ឱ្យសម្រេចបានមុនគោលដៅ

៣០ មិថុនា ២០២២ | សេដ្ឋកិច្ច

 

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានលើកឡើងថា ប្រទេសថៃ មានបំណងសម្រេចនូវ ផែនការដំឡើងរថយន្តអគ្គិសនីក្នុងស្រុក ឱ្យបាន ក្នុងរយៈពេល ១ឆ្នាំនេះ លឿនជាងគោលដៅកំណត់ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់ សារព័ត៌មានក្នុងស្រុកថៃ។  ថ្លែងនៅក្នុងសិក្ខាសាលា ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ កំពុងពន្លឿនការលើកកម្ពស់ការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។

 


លោក បានបន្តថា ផ្នែកសំខាន់ៗដូចជាអាគុយ ម៉ូទ័រអូស ប្រព័ន្ធគ្រប់គ្រងអាគុយ ឧបករណ៍បំប្លែងភ្លើង ឧបករណ៍បញ្ចូលភ្លើងចល័ត ឧបករណ៍បំបែកសៀគ្វីអគ្គិសនី និងប្រព័ន្ធសាកថ្មឆ្លាតវៃ ក៏គួរតែផលិតនៅក្នុងប្រទេស នាពេលខាងមុខផងដែរ។កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃ បានជួបប្រជុំជាមួយលោក យ៉ាំង លួរ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Foxconn Technology Group ដោយក្រុមហ៊ុន បានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ក្នុងរយៈពេល ១ឆ្នាំខាងមុខ។

 


កាលពីឆ្នាំមុន ក្រុមហ៊ុន Foxconn បានយល់ព្រមសហការជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ PTT របស់ថៃ ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី ដែលមានតម្លៃពី ១ ទៅ ២ពាន់លានដុល្លារអាមេរិក នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ដោយត្រូវបានគេរំពឹងថា នឹងបម្រើដល់ ប្រតិបត្តិការទាំងអស់ ដែលគ្របដណ្តប់លើការរចនា ការផលិត និងការដំឡើងរថយន្តរថយន្តអគ្គិសនី ព្រមទាំងផលិតគ្រឿងផ្សំសំខាន់ៗ។

 


គោលដៅផលិតកម្មដំបូង ត្រូវបានកំណត់នៅ ៥ម៉ឺនឡាន ក្នុងមួយឆ្នាំ ដោយក្រុមហ៊ុន បន្តឱ្យដឹងទៀតថា បរិមាណនេះ នឹងកើនឡើងដល់ ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅដំណាក់កាលបន្ទាប់។សូមជម្រាបថា បច្ចុប្បន្នមានកម្មករជាង ៧សែននាក់ នៅក្នុងឧស្សាហកម្មរថយន្ត ដោយជំនាញរបស់កម្មករទាំងនេះ អាចត្រូវបានបង្កើតឡើង ដើម្បីឲ្យស្របនឹងបច្ចេកវិទ្យារថយន្តថ្មី ដែលនឹងបង្កើនប្រាក់ឈ្នួលរបស់ពួកគេ ជាបន្តបន្ទាប់៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024