ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ពិធីបុណ្យប្រពៃណីដ៏ធំរបស់ ប្រេស៊ីល វិលត្រឡប់ជាថ្មីក្រោយខកខានពីរឆ្នាំ

៣០ មិថុនា ២០២២ | កម្សាន្ដ

 

 

 

ក្រោយពីខកខានរៀបចំអស់រយៈពេលពីរឆ្នាំ ពេលនេះពិធីបុណ្យ Boi-Bumba (ប៊យ បាំបា) របស់ប្រទេសប្រេស៊ីល បានវិលត្រឡប់មកសាជាថ្មី ដោយមានការចូលរួមយ៉ាងអ៊ូអរពីសំណាក់ពលរដ្ឋក្នុងតំបន់។

 

 


ពិធីបុណ្យប្រពៃណីរបស់ជនជាតិប្រេស៊ីលមានឈ្មោះថាពិធីបុណ្យ Boi-Bumba (ប៊យ បាំបា) បានរៀបចំធ្វើឡើងជាថ្មីម្ដងទៀត បន្ទាប់ពីខាកខានអស់រយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ១៩។

 

 

 

ឆ្នាំ២០២២ គឺជាខួបទី៥៥ឆ្នាំនៃពិធីបុណ្យដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យនេះប្រារព្ធឡើងក្នុងគោលបំណងអបអរដល់ការរស់ឡើងវិញរបស់សត្វគោ និងមានគួបផ្សំការប្រកួតសម្ដែងក្បាច់រាំរបស់ក្រុមចំនួនពីរ ដែលក្រុមពណ៌ក្រហមឈ្មោះថា Garantido (ហ្គារ៉ានធីដូ) និងក្រុមពណ៌ខៀវមានឈ្មោះថា Caprichoso (ខាព្រីឆូសូ)។ 

 

 

 

ពិធីបុណ្យប្រពៃណីដែលមានរយៈពេលបីថ្ងៃនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌របស់ទីក្រុង Parintins (ផារីនទីន) ស្ថិតនៅលើកោះ Tupinambarana (ធូភីណាមបារ៉ាណា) នៃប្រទេសប្រេស៊ីល។ បន្ទាប់ពីសម្រាកអស់រយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ រដ្ឋាភិបាលនៃរដ្ឋ Amazonas (អាម៉ាហ្សូណា) របស់ប្រទេសប្រេស៊ីលបានផ្ដល់ប្រាក់ចំនួនជិត ១លានដុល្លារ ដល់ក្រុមពណ៌ខៀវ និងក្រុមពណ៌ក្រហមដែលបានចូលរួមប្រកួតក្នុងពិធីបុណ្យ។

 

 


លេខាធិការក្រសួងសេដ្ឋកិច្ច និងវប្បធម៌ច្នៃប្រឌិត លោក Marcos Apolo Muniz (ម៉ាកូស អាប៉ូឡូ ម៉ូនីស) បាននិយាយថា លោកមានអារម្មណ៍ពេញចិត្តដែលបានឃើញចំនួនអ្នកទស្សនា និងធនធានដែលពិធីបុណ្យនេះអាចបន្សល់ទុកក្នុងតំបន់ដូចតាមការរំពឹងទុក ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024