ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រ៉េត សារីតា ចែករំលែកគន្លឹះ និងការត្រៀមខ្លួនដើម្បីដណ្តើមពានតារាសម្តែងឆ្នើម

៣០ មិថុនា ២០២២ | កម្សាន្ដ

 

ក្រោយទទួលបានពានតារាសម្តែងឆ្នើមដែលមានទេពកោសល្យខ្ពស់ជាងគេបង្អស់ពី CIFF លើកទី១០ ឆ្នាំ២០២១ តារារាងតូចច្រឡឹងពេញដោយសមត្ថភាព កញ្ញា រ៉េត សារីតា ប្រាប់មិនលាក់លៀមពីគន្លឹះ និងការត្រៀមខ្លួនមួយចំនួន សម្រាប់តារាសម្តែងដែលចង់ដណ្តើមពានតារាសម្តែងឆ្នើមដូចជាកញ្ញា។


ជាការពិតណាស់ តារាសម្តែងរាងតូចច្រឡឹង និងជាបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ទើបទទួលបានពាន តារាសម្តែងដែលមានទេពកោសល្យខ្ពស់ជាងគេបង្អស់ (10th Talent ACTRESS OF THE YEAR Award) ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២១ ជាឆ្នាំដែល CIFF ខកខានការរៀបចំព្រោះបញ្ហាជំងឺកូវីដ១៩។


បន្ទាប់ពីទទួលបានពានរង្វាន់រួចមក សារីតា ក៏បានបង្ហាញវត្តមានយ៉ាងស្រស់ស្អាតចូលរួមកម្មវិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទ១១ ដែលប្រារព្ធឡើងកាលពីពេលថ្មីៗនេះ ថែមទាំងត្រូវបានផ្តល់កិត្តិយសឡើងប្រកាសម្ចាស់ពានរង្វាន់ CIFF ឆ្នាំ២០២២ នេះថែមទៀតផង។

 


កញ្ញា រ៉េត សារីតា បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះការត្រឡប់វិញនៃមហោស្រពភាពយន្ត ក្រោយខកខានការរៀបចំរយៈពេល២ឆ្នាំ និងបានចាត់ទុកថានេះជាភាពជោគជ័យមួយដែលបានត្រឡប់មកជួបជុំផលិតករ សមិទ្ធករ សិល្បករ សិល្បការនី និងអ្នកពាក់ព័ន្ធវិស័យភាពយន្តផ្សេងៗឡើងវិញ។

 


ក្នុងនាមជាតារាសម្តែងម្នាក់ដែលជោគជាំក្នុងការសម្តែងជាមួយផលិតករបរទេស បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ រូបនេះ រីករាយក្នុងការចែករំលែកគន្លឹះ និងប្រាប់ឱ្យដឹងការត្រៀមខ្លួនមួយចំនួនដើម្បីដណ្តើមបានពានតារាសម្តែងឆ្នើម ដែលកញ្ញាទើបនឹងទទួលបានថ្មីៗនេះ។

 


ដោយមើលឃើញពីគម្លាតខុសគ្នាខ្លាំងដែលវិស័យភាពយន្តខ្មែរកំពុងមាននាពេលបច្ចុប្បន្ន សារីតា ក្នុងនាមសិល្បករ និងជាតារាសម្តែងម្នាក់បានអះអាងថា កញ្ញានឹងនៅតែបន្តជំរុញវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនជាងនេះទៅទៀត មិនមែនសម្រាប់តែទីផ្សារក្នុងស្រុក តែនៅអន្តរជាតិផងដែរ។ 

 


សូមជម្រាបថា កញ្ញា រ៉េត សារីតា ទើបតែទទួលបានពានតារាសម្តែងឆ្នើមពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ ក្រៅពីកញ្ញា រ៉េត សារីតា ក៏មានលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture ទទួលបានពានរង្វាន់ ផលិតករខ្សែភាពយន្តមានទេពកោសល្យខ្ពស់ជាងគេបង្អស់ ប្រចាំឆ្នាំលើកទី១០ (10th Talent PRODUCER OF THE YEAR Award) តាមរយៈរឿង នាឡិកា (remastered) ចំណែក តារាសម្ដែងវ័យក្មេង ហេង សំ ទទួលពានរង្វាន់ តារាសម្តែងវ័យក្មេង ប្រចាំឆ្នាំលើកទី១០(10th Talent YOUNG ACTOR OF THE YEAR Award) តាមរយៈភាពយន្ត រសាត់អណ្ដែត ឬ Buoyancy។

 


ដោយឡែក សម្រាប់ពានរង្វាន់ CIFF ឆ្នាំ២០២២ (CIFF TALENT AWARD) ចំនួន២ បានទៅលើលោក ម៉ាង សារិទ្ធ និងលោក ហួត ស៊ីថន ទទួលបានពានតារាសម្តែងឆ្នើម តាមរយៈរឿង ប៊ូឌីងស របស់សមិទ្ធិករ លោក នាង កាវិច៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024