ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ផែនការបោះផ្សាយមូលបត្ររដ្ឋ ក្នុងខែមិថុនា ត្រូវបានពន្យារពេល

២៩ មិថុនា ២០២២ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឲ្យដឹងថា ការបោះផ្សាយមូលបត្ររដ្ឋ ជាលើកដំបូង ដែលមានទំហំប្រមាណ ៣០០លានដុល្លារអាមេរិក គ្រោងនឹងចាប់ផ្តើមពីខែមិថុនានេះ អាចត្រូវបានពន្យារពេល ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសឲ្យបានរួចរាល់ជាមុនសិន។

 

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ប្រាប់ថា ផែនការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងខែមិថុនានេះ អាចនឹងត្រូវបានពន្យារពេល ដើម្បីសម្អាតការងារបច្ចេកទេស ហើយពុំអាចកំណត់ជាក់លាក់នៅឡើយទេថា ត្រូវពន្យារដល់ពេលណា។


ពាក់ព័ន្ធនឹងសំណួរថាតើ ទំហំបោះផ្សាយ ៣០០លានដុល្លារអាមេរិកនេះ មានការប្រែប្រួល ឬយ៉ាងណា ឯកឧត្តម បញ្ជាក់ថា ទំហំទឹកប្រាក់ ៣០០លានដុល្លារ គឺជាទំហំដែលអនុញ្ញាតដោយច្បាប់ថវិកាជាតិ។


ពាក់ព័ន្ធនឹងគម្រោងបោះផ្សាយលក់មូលបត្ររដ្ឋនេះ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ប្រាប់ភីអិនអិនថា បើតាមការបញ្ជាក់របស់មន្រ្តីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺថា ការងារបោះផ្សាយមូលបត្ររដ្ឋនេះ កំពុងតែបន្ត ដោយទំហំអតិបរមានៃការបោះផ្សាយ គឺនៅដដែល ៣០០លានដុល្លារអាមេរិក។


ដោយឡែកពាក់ព័ន្ធនឹងការផ្ទុះឡើងជាថ្មី នៃមេរោគកូវីដ១៩ ក្នុងសហគមន៍ ឯកឧត្តម ហុង សុហួរ ពន្យល់ថា វាពុំមានផលប៉ះពាល់ដល់ ការបោះផ្សាយមូលបត្ររដ្ឋ ក៏ដូចជាការបោះផ្សាយលក់មូលបត្រផ្សេងៗនោះទេ ព្រោះការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាគឺគ្រប់គ្រាន់ និងកំពុងបន្ត។


ជាមួយគ្នានេះ កាលពីពាក់កណ្តាល ខែឧសភា កន្លងទៅ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ទំហំសរុបនៃការបោះផ្សាយមូលបត្ររដ្ឋគឺ ១,២ទ្រីលានរៀល ឬ ៣០០លានដុល្លារ ដោយមានតម្លៃចារឹក ១លានរៀល ក្នុងមួយប័ណ្ណ ជាមួយអត្រាគូប៉ុង ថេរ និងការទូទាត់គូប៉ុង រៀងរាល់ ៦ខែម្តង គិតចាប់ពីថ្ងៃបោះផ្សាយ។


យ៉ាងណាក៏ដោយ ឯកឧត្តម ប៉ែន ធីរុង្គ ធ្លាប់បញ្ជាក់ថា ចំពោះទំហំ និងរូបិយប័ណ្ណនៃការបោះផ្សាយ អាចនឹងត្រូវបានពិនិត្យ និងកែសម្រួលឡើងវិញ អាស្រ័យលើតម្រូវការហិរញ្ញប្បទានជាក់ស្តែងរបស់ រាជរដ្ឋាភិបាល វិវឌ្ឍនាការម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា និងតម្រូវការទីផ្សារជាក់ស្តែង។

 


យ៉ាងណា ឯកឧត្តម មាស សុខសេនសាន ក៏ធ្លាប់គូសបញ្ជាក់ប្រាប់ដល់ ក្រុមការងារភីអិនអិនដែរថា អត្ថប្រយោជន៍ដែល កម្ពុជា នឹងទទួលបានពីការបោះផ្សាយលក់មូលបត្ររដ្ឋនេះ រួមមាន ការបង្កើតសាច់ប្រាក់នៅក្នុងទីផ្សារ, ការអភិវឌ្ឍទីផ្សាររូបិយវត្ថុ, ក៏ដូចជាការបង្កើតមូលនិធិអភិវឌ្ឍន៍នៅក្នុងប្រទេសជាទូទៅ។

 


បន្ថែមលើនេះ កម្ពុជា នឹងទទួលបានការពង្រីកនូវលំហូរថវិកា, ការបង្កើតនូវមូលនិធិសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា អាចបម្រើដល់គោលនយោបាយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាសង្គម។

 


គួរជម្រាបថា សមត្ថភាពនៃការបោះផ្សាយមូលបត្ររដ្ឋ គឺប្រមាណ ៥០០លាន ទៅ ១ពាន់លានដុល្លារអាមេរិក តែយ៉ាងណា នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំណត់ពិដានបោះផ្សាយត្រឹម ៣០០លានដុលា្លរអាមេរិក ដោយមានគោលដៅចំណាយច្បាស់លាស់ និងជាអាទិភាព៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024