ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជំនាញ អះអាងថា គម្រោងសហហិរញ្ញប្បទានស្ដារទេសចរណ៍ឡើងវិញ នឹងដើរតួរនាទីសំខាន់ ដើម្បីជំរុញទេសចរណ៍បន្ថែម

២៨ មិថុនា ២០២២ | សេដ្ឋកិច្ច

មន្ត្រីជំនាញ អះអាងថាគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទានសម្រាប់អាជីវកម្មទេសចរណ៍ នឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័ស។


ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារគាំពាសហគ្រាស និងការងារក្នុងវិស័យទេសចរណ៍ បានធ្វើការគួសបញ្ជាក់ពីអត្ថប្រយោជន៍ នៃគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក ថាបាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការបន្តជំរុញដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយរងពលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ តាមរយៈការផ្តល់អោយអាជីវកម្មក្នុងឧស្សាហ៍កម្មនេះ អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់អតិបរមា
រហូតដល់៤០ម៉ឺនដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦.៥% ដោយមានឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។

 


ជាការកត់សំគាល់ ឯកឧត្តម សុង តុងហាប់ បានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទាននេះ នឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័សឱ្យស្របតាមការរំពឹងរបស់ក្រសួងទេសចរណ៍ថា កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិ៧លាននាក់នៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២៣។

 


ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានឲ្យPNNដឹងថា តាមរយៈការដាក់ចេញកម្មវិធីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់១៥០លានដុល្លាអាមេរិកជាមួយអត្រាការប្រាក់សម្បទានដ៏មានសារៈសំខាន់ និងទាន់ពេលវេលានេះ  និងជួយសំរូលដោះស្រាយដល់ការលំបាកទាំងឡាយរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ពីកូវីដ១៩កន្លងមក ហើយត្រូវការដើមទុន សម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនឡើងវិញ។

 


គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១,១៩៦ទីតាំង ដែលបានបិទ/ផ្អាកដំណើរ ក្នុងនោះមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៤៩៨ទីតាំងបានបិទទ្វារ និង៦៩៨ទីតាំងបានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបចំនួន២១,៩៩៨នាក់។

 


គួរបញ្ជាក់ថា មុនជួបនឹងវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០១៩ បានផ្តល់នូវចំណូលដុល ដែលទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤ ៩១៩ លានដុល្លារ ដល់សេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកប្រមាណ ៤.៤% នៃផសស ។ ក្នុងអំឡុងឆ្នាំ ២០២០ និង ឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឱ្យសហគ្រាសជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024