ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

 អេដ វីន ងាកមកធ្វើរឿងមួយនេះមិនឱ្យជីវិតធ្លាក់ដល់សូន្យដូចមុន ! 

២៨ មិថុនា ២០២២ | កម្សាន្ដ

 

ក្រោយជីវិតបុរសសង្ហា អេដ វីន ធ្លាក់ដល់សូន្យហៅលែងលឺ ស្រាប់តែថ្មីៗនេះលោក អេដ វីន បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកក្លឹបហាត់ប្រាណមួយកន្លែង ដើម្បីបង្កើនប្រាក់ចំណូល ។   

 

តារាសម្តែង និងបង្ហាញម៉ូដលោក អេដ វីន នៅតែមានជំនឿចិត្តថា ខ្លួនអាចនឹងសាងប្រជាប្រិយភាពឡើងវិញ បើទោះជាកន្លងមកជីវិតខ្លួនធ្លាប់ធ្លាក់ទៅដល់សូន្យយ៉ាងណាក្តី ហើយថ្មីៗនេះលោក ទើបតែបានបោះទុនប្រាក់បន្ថែមទៅលើការងាររកស៊ីបើកក្លឹបហាត់ប្រាណ ។ 

 


ការវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះឡើងវិញនេះត្រូវបានលោក បញ្ជាក់ប្រាប់ថា ថ្វីដ្បិតកន្លងមក ជីវិតលោកជួបនូវរឿងអាក្រក់ រហូតជាប់គុក  តែលោកនៅតែជឿជាក់ថា Fan fan មួយចំនួននៅតែស្រឡាញ់ និង គាំទ្រលោកដូចមុន ។

 


 ជាមួយនិងការជឿជាក់នេះ អេដ វីន ក៏មានវត្តមាននៅក្នុងរឿង « ពេលម៉ែចាស់ទៅ » ដែលជាស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ជា ផងដែរ ដោយលោកសម្តែងជាតួឯករួមជាមួយតារាស្រី មាន សូនីតា ។ ស្នាដៃថ្មីនេះជាជំហានថ្មីមួយទៀតសម្រាប់តារាសម្តែងរូបនេះវិលត្រឡប់មកឈរជើងក្នុងវិស័យចាស់របស់ខ្លួនវិញ ។ 

 


តារាសម្ដែងរូបនេះ មិនត្រឹមតែមានគម្រោងថតរឿងថ្មីៗជាបន្តបន្ទាប់នោះទេ លោក ថែមទាំងមានបំណង នឹងចូលរួមប្រកួតក្នុងកម្មវិធីមួយផងដែរនៅបំណាច់ឆ្នាំនេះ ។ ស្របពេលត្រឡប់មកសាងកេរ្តិ៍ឈ្មោះឡើងវិញលោក អេដ វីន ក៏បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារជា មួយមិត្តភក្តិដើម្បីបើកក្លឹបហាត់ប្រាណដែលជាក្តីស្រមៃរបស់ខ្លួន ។ 

 


លោក អេដ វីន សុំមិនរំលឹករឿងចាស់ដែលធ្វើឱ្យជីវិតលោកធ្លាក់ដល់ចំណុចសូន្យ លោកបានត្រឹមតែនិយាយថា រឿងដែលកន្លងហួសសុំបញ្ចប់ត្រឹមហ្នឹង ពេលនេះលោកមានជីវិតថ្មីដែលល្អប្រសើរហើយ ការរស់នៅម្នាក់ឯងជារឿងដែលល្អបំផុតសម្រាប់លោកក្នុងពេលនេះ ។ បើសន្សំបានប្រាក់ច្រើនបន្ថែម ទៀតលោកនឹងបើកហាងអាហារក្នុងក្តីស្រមៃខ្លួនឡើងវិញ ៕   

 

 

អត្ថបទ ៖ ម៉ា រីសា ៖ រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024