ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រសួងអប់រំ អនុញ្ញាតឱ្យបុគ្គលិកក្រោមឱវាទផ្លាស់ប្តូរទីកន្លែងបម្រើការងារ ដោយមានលក្ខន្តិកៈ ៣យ៉ាង

២៣ មិថុនា ២០២២ | ព័ត៌មានជាតិ



រដ្ឋមន្ត្រីក្រសួងអប់រំ បានចេញសេចក្តីជូនដំណឹង ទៅប្រធានមន្ទីអប់រំ រាជធានីខេត្ត ដោយណែនាំថា ក្រសួងអប់រំ អនុញ្ញាតឱ្យបុគ្គលិកអប់រំ ផ្លាស់ប្តូរកន្លែងបម្រើការងារតាមប្តី ឬប្រពន្ធ ជាមន្ត្រីរាជការ ដោយមានលក្ខន្តិកៈ ៣យ៉ាង ដូចជា មានភារៈចាំបាច់ក្នុងការមើលថែកុមារ និងមនុស្សចាស់ជរា ជាដើម។ ប្រការគួរកត់សម្គាល់មួយនោះ គឺថា សេចក្តីជម្រាបជូនដំណឹងរបស់ក្រសួងអប់រំនេះ មិនឃើញតម្រូវឱ្យអ្នកស្នើសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ ត្រូវចំណាយថវិកាឡើយ។

 


សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្ត ជ្រាបថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ ក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតឱ្យបុគ្គលិកអប់រំដែលមានលក្ខខណ្ឌដូចខាងខាងក្រោម មានសិទ្ធិដាក់ពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារតាមប្តី ឬប្រពន្ធជាមន្ត្រីរាជការគឺ ទី១.សាមីជន ត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌ, ទី២.ធានាថាមិនមានផលប៉ះពាល់ដល់សេវាបង្រៀន សេវាការងារក្នុងអង្គភាព ក្រោយពេលផ្លាស់ចេញ និងទី៣.ស្ថានភាពគ្រួសារជួបការលំបាក ដូចជា មានកូនតូច មើលថែទាំអ្នកជំងឺ ឬជនចាស់ជរាជាដើម ដោយត្រូវមានឯកសារបញ្ជាក់ច្បាស់លាស់ ។

 

 

នេះគឺជាសេចក្តីប្រកាសជម្រាបជូនដំណឹងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះ ដែលសេចក្តីប្រកាសជម្រាបជូនដំណឹងនេះ ក៏ស្របទៅនឹងសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដដែល ចុះកាលបរិច្ឆេទថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែល PNN ទទួលបានតាមរយៈឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងអប់រំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះដែរ ។

 


សេចក្តីប្រកាសជម្រាបជូនដំណឹងដដែលបន្តថា ចំពោះបុគ្គលិកអប់រំដែលនៅក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវបំពេញពាក្យស្នើសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារ ដោយឆ្លងតាមឋានានុក្រមគ្រប់គ្រង និងដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត សាមី ។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវទទួលពាក្យសុំផ្លាស់ប្តូរ ចាប់ពីខែសីហា ដល់ដំណាច់ខែតុលា ឆ្នាំ២០២២ និងបូកសរុបរៀបចំបញ្ជីឈ្មោះ ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំរបស់សាមីជន ផ្ញើមកក្រសួងអប់រំ យុវជន និងកីឡា នៅនាយកដ្ឋានបុគ្គលិក ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី ដាក់ស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង ។

 


ដូច្នេះលោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិកដែលបម្រើការងារក្នុងវិស័យអប់រំ អាចដាក់ពាក្យស្នើសុំផ្លាស់ប្តូរកន្លែងបម្រើការងារតាមប្តី ឬប្រពន្ធជាមន្ត្រីរាជការ ចាប់ពីខែសីហា ដល់ដំណាច់ខែតុលា ឆ្នាំ២០២២ ដោយត្រូវអាស្រ័យលើលក្ខន្តិកៈចំនួន ៣ ដូចដែលបានជម្រាបជូនខាងលើនេះស្រាប់ ហើយតាមរយៈសេចក្តីប្រកាសជម្រាបជូនដំណឹងនេះ ក៏បានសេចក្តីផងដែរថា ពួកគាត់គួររៀបចំឯកសារត្រៀមឱ្យបានរួចរាល់ចាប់ពីពេលឥឡូវនេះទៅ ក៏ជាការប្រសើរ៕
 

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024