ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កូនមហាសេដ្ឋី Elon Musk ដាក់បណ្ដឹងប្ដូរឈ្មោះថ្មី ដើម្បីផ្ដាច់ទំនាក់ទំនងជាមួយឪពុក

២២ មិថុនា ២០២២ | កម្សាន្ដ

 

កូនស្រីវ័យ ១៨ឆ្នាំ របស់មហាសេដ្ឋី Elon Musk (អ៊ីឡន ម៉ាស) បានដាក់សំណើរទៅកាន់តុលាការ ដោយសុំឲ្យមានការប្ដូរឈ្មោះ រួមទាំងស្នើសុំសំបុត្រកំណើតថ្មីដែលត្រូវជាមួយអត្តសញ្ញាណភេទថ្មីរបស់នាង។ 


កូនស្រីកែភេទរបស់មហាសេដ្ឋី Elon Musk (អ៊ីឡន ម៉ាស) បានដាក់ពាក្យស្នើសុំប្ដូរឈ្មោះរបស់នាង ដោយផ្អែកទៅតាមអត្តសញ្ញាណភេទថ្មី ហើយការប្ដូរឈ្មោះក៏ជាការកាត់ផ្ដាច់ទំនាក់ទំនងជាមួយឪពុករបស់នាងផងដែរ។

 

ក្រៅពីប្ដូរឈ្មោះហើយនោះ Xavier Alexander Musk (សាវៀ អេឡិចសេនដឺ ម៉ាស) ដែលទើបគម្រប់អាយុ១៨ឆ្នាំកាលពីថ្មីៗនេះ ក៏បានស្នើសុំសំបុត្រកំណើតថ្មី ដើម្បីឲ្យត្រូវជាមួយភេទថ្មីរបស់ខ្លួន និងមានការទទួលស្គាល់ពីការប្ដូរភេទពីភេទប្រុស មកជាភេទស្រីវិញ។

 

 

ឈ្មោះថ្មីដែល Xavier Alexander Musk (សាវៀ អេឡិចសេនដឺ ម៉ាស) បានស្នើសុំគឺមានឈ្មោះថា Vivian Jenna Wilson (វីវៀន ជេនណា វីលស៊ុន)។ តាមម្ដាយរបស់នាងឈ្មោះថា Justine Wilson (ចាសស្ទីន វីលស៊ុន) បានលែងលះគ្នាជាមួយមហាសេដ្ឋី Elon Musk (អ៊ីឡន ម៉ាស) កាលពីឆ្នាំ២០០៨។

 

 

ជុំវិញការប្ដូរឈ្មោះនេះដែរ Vivian Jenna Wilson (វីវៀន ជេនណា វីលស៊ុន) បានលើកឡើងថា ក៏ព្រោះតែនាងលែងរស់នៅជាមួយឪពុកបង្កើត ហើយក៏មិនចង់មានទំនាក់ទំនងអ្វីជាមួយឪពុកបង្កើតរបស់នាងដែរ។

 

 

មកទល់ពេលនេះនៅមិនទាន់មានការបកស្រាយបន្ថែមជុំវិញទំនាក់ទំនងរវាងមហាសេដ្ឋី Elon Musk (អ៊ីឡន ម៉ាស) និងកូនស្រីរបស់លោកនៅឡើយទេ ហើយមេធាវីតំណាងរបស់ Elon Musk (អ៊ីឡន ម៉ាស) ក៏មិនបានឆ្លើយតបជុំវិញរឿងរ៉ាវនេះដែរ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024