ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ ២០២២នេះ

២០ មិថុនា ២០២២ | សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន រំពឹងថា ទំហំពាណិជ្ជកម្ម កម្ពុជា វៀតណាម នឹងកើនឡើងដល់១០ពាន់លានដុល្លារសហរដ្ឋអាមេរិចត្រឹមចុងឆ្នាំ២០២២នេះ ខណៈតួរលេខ៥ខែដំបូងដើមឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំជាង៥ពាន់ដុល្លារ។

 

 

ក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា តំបន់ដែលធ្លាប់ជាសមរភូមិសង្គ្រាមកាលពីអតីតកាល រវាងកម្ពុជា និងវៀតណាម បច្ចុប្បន្ននេះ បានប្រែក្លាយជាតំបន់រោងចក្រ សណ្ឋាគារ និងតំបន់ផ្លាស់ប្តូរទំនិញជាដើម ដោយការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង៥ពាន់លានដុល្លារ គិតត្រឹមរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២២នេះ ហើយត្រូវបានរំពឹងថា នឹងកើនដល់ជាង១០ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ខាងមុខនេះផងដែរ។

 


ដោយឡែកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ធ្លាប់បញ្ជាក់ថា ទំហំទឹកប្រាក់ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាមបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានបញ្ជាក់ពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ ដោយកំណើននៃការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម ភាគច្រើនគឺជាផលិតផលកសិផលដូចជា ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និងស្វាយចន្ទី ជាដើម។ វៀតណាម គឺជាទីផ្សារសំខាន់១ក្នុងតំបន់របស់កម្ពុជា ខណៈកន្លងមកប្រទេសទាំង ២ ធ្លាប់សន្យានឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនលើសពី ១០ ពាន់លានដុល្លារ។

 


បើយើងក្រឡេកមើលពីការអនុម័តគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវិញ (CDC) បានបង្ហាញថា គិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១កន្លងទៅ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៣៩ ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់វិនិយោគិនវៀតណាម មានទឹកប្រាក់ ២,៥ ពាន់លានដុល្លារ ស្មើ ៦,៣ ភាគ ខណៈប្រទេសចិន បាននាំមុខគេជាមួយនឹងទំហំទឹកប្រាក់ ១៧,៣ ពាន់លានដុល្លារ និងប្រទេសកូរ៉េ ចំនួន ៤,១ ពាន់លានដុល្លារ។

 


គួរបញ្ជាក់ដែរថា បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២២នេះ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់សរុបប្រមាណ ១ពាន់ ៧រយ លានដុល្លារ កើនឡើង ១៣,៦ ភាគរយ ក្នុងនោះការនាំទំនិញពីកម្ពុជា មានប្រមាណ ៧រយលានដុល្លារ កើន ៣,៩ ភាគរយ និងការនាំចូលទំនិញពីវៀតណាម មានចំនួន ៩រយលានដុល្លារ កើនឡើងប្រមាណ ២២,៧ ភាគរយ៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024