ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

OXFAM និងសហជីពចំនួន៤ ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញលើគោលនយោបាយ ប.ស.ស និងដោះស្រាយបញ្ហាសេសសល់

២៤ ឧសភា ២០២២ | ព័ត៌មានជាតិ

 

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ អង្គការ OXFAM រួមនិងសហជីព សហភាពកម្មករចំនួន ៤ បានរៀបចំសិក្ខាសាលា  ស្ដីពី ការរួមគ្នាចូលរួមលើកកម្ពស់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតប ទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ពិធីជួបជុំនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញលើគោលនយោបាយបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) រួមនិងដោះស្រាយបញ្ហា ដែលនៅសេសសល់ជូនកម្មករ -កម្មការិនី ក្នុងវិស័យកាត់ដេរ។

 


អង្គការ OXFAM ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីមូលនិធិ Laudes Foundation បានសហការជាមួយ អង្គការក្រៅរដ្ឋាភិបាល និងសហជីព-សហភាពកម្មករចំនួន៤ ដើម្បីអនុវត្តគម្រោងមួយដែលមានឈ្មោះថា «កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹង តម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» ឬហៅកាត់ថា «INSPIRE »។ គម្រោងនេះ នឹងត្រូវអនុវត្តរួមគ្នាពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៥ ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នសម្រាប់កម្មករនិយោជិតក្នុងវិស័យ កាតដេរនៅកម្ពុជា។ 

 

លោកស្រី ភាណ សោភ័ណ នាយិការរបស់អង្គការ OXFAM បានឱ្យដឹងបន្ថែមនៅក្នុងសិក្ខាសាលាដែលរៀបចំឡើង នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ថា គម្រោងខាងលើនឹងត្រូវអនុវត្តរួមគ្នាជាមួយដៃគូ ពាក់ព័ន្ធចំនួន ៤រួមមាន៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL) សហភាពការងារ កម្ពុជា(CLC) សហព័ន្ធសហជីពកម្ពុជា (CATU) និងសសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា (C.CAWDU)  ដើម្បីជំរុញលើគោលនយោបាយបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) រួមនិងដោះស្រាយបញ្ហាដែលនៅសេសសល់ ជូនកម្មករ -កម្មការិនី ក្នុងវិស័យកាត់ដេរ ដែលគម្រោងផ្ដួចផ្ដើមនេះ នឹងអនុញ្ញាតឲ្យកម្មករ និយោជិត ក្នុងវិស័យកាត់ដេរអាចទទួលបានសេវាគាំពារសង្គម និងព័ត៌មាននានាស្ដីពីកិច្ចគាំពារសង្គមកាន់តែល្អ ប្រសើរឡើង ក៏ដូចជាជំរុញឲ្យអ្នកផ្ដល់សេវាកម្មផ្នែកគាំពារសង្គមកាន់តែមានគណនេយ្យភាពជាងមុន។  

 

 

ជុំវិញរឿងនេះដែរ លោកស្រី អ៊ុយ ច័ន្ទនិមល អគ្គលេខាធិការរងនៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ទិសដៅបន្ទាប់នៃការចូលរួមរបស់រាជរដ្ឋាភិបាលក្នុងវិស័យកាត់ដេរជាមួយដៃគូពាក់ព័ន្ធ គឺ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននិវត្ដន៍ ដែលមានន័យថា កម្មករនិយោជិត ដែលដល់វ័យចូលនិវត្តន៍ ពួកគាត់នឹងទទួលបានការការពារ ហានិភ័យផ្នែកហិរញ្ញវត្ថុ ។ ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏កំពុងសិក្សាដាក់ចេញនូវគោលនយោបាយរបបសន្ដិសង្គមផ្នែកសុខភាពឱ្យបាន ទូលំទូលាយជាសកល ដើម្បីបន្ដ ការគាំពារទៅដល់ប្រជាជនកម្ពុជា និងកម្មករ-កម្មការិនី និយោជិតក្នុងវិស័យកាត់ដេរ។ 

 


សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់បេឡាជាតិសន្ដិសុខសង្គមឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា កម្មការិនីកាត់ដេរ សរុបចំនួន ៨ម៉ឺនាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាលដែល មានទឹកប្រាក់សរុប ប្រមាណជា ៧,៩ លានដុល្លារអាមេរិក។ ដោយឡែក នៅពេលកម្ពុជារងសម្ពាធខ្លាំងនៃការរាតត្បាតនៃវីរ៉ុសកូវីដ-១៩ កម្មករនិយោជិតដែលបាត់បង់ការងារ ក៏ត្រូវបានផ្ដល់ការគាំទ្រ ក្នុងទម្រង់ជាសាច់ប្រាក់ផងដែរ។  

 


គួរបញ្ជាក់ថា  តាមរយៈគម្រោង INSPIRE ខាងលើ ភាគីពាក់ព័ន្ធបានរំពឹងទុកថា នឹងបានចូលរួមរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពងាយរងគ្រោះរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងក្រុមគ្រួសារ របស់ពួកគេ តាមរយៈបង្កើនលទ្ធភាពរបស់ពួកគេដើម្បីទទួលបាន និងប្រើប្រាស់មូលនិធិ សន្ដិសុខង្គម (ប.ស.ស) ដែលគំនិតផ្ដួចផ្ដើមនេះ ត្រូវបានគេរំពឹងថា នឹងផ្ដល់ប្រយោជន៍ដល់អ្នកទទួលផលសរុបប្រមាណ ២ម៉ឺន៣ពាន់នាក់ ដោយផ្ទាល់ និងប្រមាណជា ៧៣៥,០០០នាក់ទៀត ដោយប្រយោល ។

 

 

បន្ថែមលើនេះ គម្រោងនេះ ត្រូវបាន រំពឹងថា នឹងជួយលើកកម្ពស់ការយល់ដឹងពីការគាំពារសង្គមទៅដល់ពលរដ្ឋប្រមាណជា ១លាននាក់ តាមរយៈ យុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង និងទទួលព័ត៌មាន៕
 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024