ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ថ្វីត្បិតលៀសនៅឆ្នាំនេះហក់ឡើងខ្ពស់បន្តិចមែន តែអាជីវករនៅបន្តលក់ដាច់ជាហូរហែរ

២០ ឧសភា ២០២២ | សេដ្ឋកិច្ច

ដោយសារតែលៀសហាលមានប្រជាប្រិយភាពខ្លាំងទាំងនៅក្នុងទីក្រុង និងនៅទីជនបទ ទើបគេសង្កេតឃើញថា អ្នកលក់លៀសហាលបច្ចុប្បន្ននេះបានចាប់ផ្តើមបង្កើតភាពច្នៃប្រឌិតឡើង ដោយខ្លះដាក់លក់លើម៉ូតូ ខ្លះដាក់ក្នុងកញ្ចក់ ដើម្បីទាក់ទាញអតិថិជន ឲ្យមានការលក់ដាច់បានច្រើននៅគ្រប់ទីកន្លែង។ របរលក់លៀសនេះមិនហ៊ឺហា ឬឡូយឆាយពេកទេ ព្រោះត្រូវធ្វើដំណើរកណ្តាលថ្ងៃដើម្បីលក់អាហារដ៏ពេញនិយមមួយនេះដល់អតិថិជនដែលរង់ចាំនៅតាមផ្ទះ ឬតាមផ្សារនានា តែវាអាចរកចំណូលបានកាក់កបគួរសម មិនចាញ់ការបើកហាងលក់ម្ហូបអាហារនានានៅតាមផ្ទះប៉ុន្មានឡើយ។


អ្នកស្រី ធីណា អាជីវករលក់លៀសហាលជាង៨ឆ្នាំ មកពីខេត្តព្រៃវែង គាត់បានចាប់របរលក់លៀសដំបូងតាំងពី១កំប៉ុង៣រយរៀល រហូតដល់សព្វថ្ងៃលៀសឡើង១តៅទិញចូលតម្លៃ ១៧ម៉ឺនទៅ១៨ម៉ឺនរៀល រីឯតម្លៃខ្ចៅវិញ១តៅ១២ម៉ឺនទៅ១៤ម៉ឺនរៀល ទៅតាមប្រភេទលៀសឬខ្ចៅនីមួយៗ ដោយធ្វើការលក់ចេញក្នុង១កំប៉ុងចម្លោះ៤ទៅ៥ពាន់រៀល ។បន្ថែមពីលើនោះលៀសលក់បានតម្លៃថ្លៃទៅតាមតំបន់ផងដែល ដូចជាម្តុំ អូរឡាំពិច អូរឫស្សី និងទួលទំពូងជាដើម អាជីវករអាចលក់លៀស១កំប៉ុងចន្លោះពី៨ពាន់រៀល ឫ២កំប៉ុង១ម៉ឺន៥ពាន់រៀល។ 


ចំណែកឯ អ្នកស្រី ងួន សាវី  អាជីវករលក់លៀសហាលជាង៧ឆ្នាំ រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាទីតាំងរស់នៅរបស់អ្នកប្រកបរបរលក់លៀសហាលតាមរទេះ ភាគច្រើនជាអ្នកចំណាក់ស្រុកមកពីខេត្តព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងខេត្តមួយចំនួនទៀត។ នៅក្នុងកិច្ចសម្ភាសជាមួយក្រុមការងារសេដ្ឋកិច្ច PNN ពួគគាត់បានអះអាងដូចៗគ្នាថា របរនេះអាចរកចំណូលបានជាប្រចាំ ត្រឹមអាចដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃមិនចាំបាច់ទៅស៊ីឈ្នួលគេ ឬធ្វើចំណាកស្រុកខុសច្បាប់នោះទេ។ក្នុងមួយថ្ងៃគាត់លក់២នាក់កូន បានចន្លោះពី ២តៅ ទៅ៤តៅ ទៀតសោតប្រសិនបើលក់អស់ រួចផាត់ការចំណាយផ្សេងៗអស់ហើយ អាចនៅសល់ចន្លោះពី 6ម៉ឺនរៀល ទៅ8ម៉ឺនរៀលដែលក្នុងមួយថ្ងៃ។ 

 


អាជីវករទាំង២ខាងលើបានបន្ថែមថា នៅកន្លែងដែលគាត់រស់នៅនេះមានអ្នកលក់លៀសហាលប្រមាណជាង ២០គ្រួសារដែលគ្រួសារនីមួយៗសុទ្ធតែប្រកបរបរនេះជាយូរឆ្នាំមកហើយ។ របរលក់លៀសនេះមានអ្នកខ្លះអាចសន្សំប្រាក់ដើម្បីពង្រីកមុខរបរ និងអាចផ្គត់ផ្គង់គ្រួសារបានតាមតម្រូវការ របរនេះអាចរកបាននៅក្នុងរដូវប្រាំង ហើយនៅពេលផុតរដូវកាលនេះ ពួកគាត់ខ្លះក៏ត្រលប់ទៅស្រុកកំណើត និងមានអ្នកខ្លះនៅបន្តរកមុខរបរផ្សេងដូចជាលក់ខ្ចៅស្ងោរ ក្ដាមស្ងោរ ពោតស្ងោរ និងនំក្រូច នំកងជាដើម។ របរលក់លៀសហាលនេះបើប្រៀបធៀបជាមួយការស៊ីឈ្នួលគេប្រើកម្លាំង គឺងាយស្រួលជាងឆ្ងាយណាស់។

 

 

ការលក់លៀសហាល ថ្វីដ្បិតតែក្តៅបន្តិចមែន តែក៏មិនសូវនឿយហត់ខ្លាំងពេកនោះដែរ ព្រោះលៀសស្រស់ ម៉ូយគេដឹកមកឱ្យដល់ផ្ទះស្រេចៗ ហើយយើងគ្រាន់តែយកមកស្ងោរ និងប្រឡាក់គ្រឿងឱ្យស្អាត អាចដឹកហាលលក់បានតែម្ដង។ ម្យ៉ាងវិញទៀតការលក់លៀសហាលក៏មិនចំណាយពេលយូរខ្លាំងរហូតដល់យប់ជ្រៅទើបចូលផ្ទះដែរ គឺចាប់ផ្តើមចេញលក់នៅម៉ោងប្រហែល 9កន្លះព្រឹក អាចត្រឡប់មកផ្ទះវិញនៅម៉ោង 3រសៀល ដើម្បីជួបជុំគ្រួសារ។

 


ប្រជាពលរដ្ឋបានត្អូញត្អែថា មុខរបររលៀសហាលឬខ្ចៅស្ងោរកំពុងពេញនិយមសម្រាប់ពលរដ្ឋ ប៉ុន្តែតាំងពីកូវីដរយះពេល២ឆ្នាំមក អាជីវករខកខាននៅក្នុងការលក់។ ស្របពេលប្រទេសបើកសេដ្ឋកិច្ចឡើងវិញមុខរបរលក់លៀសបានចាប់ផ្តើមងើបឡើងវិញ មានអ្នកលក់កាន់តែច្រើនជាងមុន រីឯតម្លៃលៀសទិញចូលក៏ហក់ឡើងខ្ពស់ជាងមុន ទៀតសោតក៏មិនសូវមានអ្នកចេញទៅរកលៀសថែមទៀតផង ហើយនេះជាហេតុនាំអោយលៀសឡើងថ្លៃនៅឆ្នាំនេះ។


 

អត្តបទ: ថុន សុកេតុមាលា រូបភាព អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024