ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សិល្បករម្នាក់មកពីបាត់ដំបង ត្បាញរឿងរ៉ាវមនុស្សផ្លាស់ទីលំនៅ ឬចំណាកស្រុកដើម្បីរស់ ឱ្យចេញជាស្នាដៃសិល្បៈថ្មីមួយដ៏ទាក់ទាញ

២០ ឧសភា ២០២២ | កម្សាន្ដ

 

ស្នាដៃសិល្បៈថ្មីមួយដ៏ទាក់ទាញ ចំណងជើងថា «ដំណើរ» ដែលសិល្បករម្នាក់បានត្បាញរឿងរ៉ាវរបស់មនុស្សដែលត្រូវផ្លាស់ទីលំនៅ ឬចំណាកស្រុកដើម្បីរស់ បានកំពុងតាំងបង្ហាញរហូតដល់ចុងខែឧសភានេះ នៅវិចិត្រសាល Air gallery ស្ថិតនៅក្នុងបរិវេន The Factory Phnom Penh។


សិល្បករម្នាក់មកពីខេត្តបាត់ដំបង គឺលោក ជា សេរីរដ្ឋ បានកំពុងដាក់តាំងស្នាដៃពិព័រណ៌ទោលថ្មីមួួយ ក្រោមចំណងជើងថា «ដំណើរ»។ ពិព័រណ៌ទោលដ៏ទាក់ទាញនេះ ត្រូវសិល្បករអ្នកស្រុកបាត់ដំបងរូបនេះ ត្បាញរឿងរ៉ាវរបស់មនុស្សដែលត្រូវផ្លាស់ទីលំនៅ ឬចំណាកស្រុកដើម្បីរស់់រានមានជីវិត។ 

 

«ដំណើរ» មានស្នាដៃពីកន្ទេលសរុបចំនួន៣៣ផ្ទាំង ដែលមានអាគ្រីលីក ស្មៅ ភក់ និងដី ដោយរៀបរាប់រឿងរ៉ាវនៃការបណ្តេញចេញ ការធ្វើចំណាកស្រុក អាហារ សន្តិសុខ និងខាងវិញ្ញាណ។ ស្នាដៃសិល្បៈថ្មីមួយនេះ ត្រូវសិល្បករសម្បុរស្រអែមស្រស់រូបនេះ ធ្វើឡើងអំឡុងពេល២ឆ្នាំនៃការរាតត្បាតជំងឺ Covid-19 ក្រោយពីលោកបានសិក្សាពីវិធីត្បាញកន្ទេលបែបប្រពីណៃ ជាការអនុវត្តដែលបាត់ទៅបន្តិចម្តងៗ។

 

 

«ដំណើរ» ថ្លែងពីការប្តេជ្ញាចិត្តរបស់សិល្បករ ជា សេរីរដ្ឋ ចំពោះការអនុត្តន៍សិល្បៈប្រកបដោយមនសិការចេញពីមូលដ្ឋាន និងការពង្រីកសម្លេងនៃប្រជាជនដែលងាយរងគ្រោះ ខណៈពេលដែលការងារនេះត្រូវបានចាក់ឬសនៅក្នុងបទពិសោធន៍ក្នុងស្រុកនៃផលប៉ះពាល់នៃ Covid-19។ ស្នាដៃនេះក៏និយាយទៅកាន់វិបត្តិក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន និងជាប្រវត្តិសាស្រ្តដែលបង្ខំឱ្យមានទម្រង់ផ្សេងៗនៃការធ្វើចំណាកស្រុកផងដែរ។

 

 

ពិព័រណ៌ទោលនេះរៀបចំឡើងដោយ គម្រោងសិល្បៈស-ស ក្រោមការសហការជាមួយ FT gallery។ លោកអ្នកអាចអញ្ញើញទៅទស្សនាពិព័រណ៌ទោលបានដោយផ្ទាល់នៅវិចិត្រសាល Air gallery ស្ថិតនៅក្នុងបរិវេន The Factory Phnom Penh។ ការតាំងបង្ហាញនឹងធ្វើឡើងរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ។

 

 

សូមជម្រាបថា សិល្បករ ជា សេរីរដ្ឋ កើតឆ្នាំ១៩៩០ នៅខេត្តបាត់ដំបង។ លោកបានចាប់ផ្តើមសិក្សាផ្នែកគំនូរនៅអង្គការហ្វាពន្លឺសិល្បៈនៅឆ្នាំ២០០៥ ។ នៅឆ្នាំ២០០៨ លោកបានចូលរួមសិក្ខាសាលាមួយជាមួយសិល្បករ អន្តរជាតិ Sera Ing និងសិល្បករ វ៉ាន់ ណាត ក្រោមប្រធានបទ «ការចងចាំរបបខ្មែរក្រហមនៅកម្ពុជា» ដឹកនាំដោយលោកស្រី Soko Phay-Vakalis នៅមជ្ឈមណ្ឌលបុប្ផាណា ទីក្រុងភ្នំពេញ ។ 

 

 

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាក្រុងបាត់ដំបងនៅឆ្នាំ២០១២ លោកបានចាប់ផ្តើមធ្វើការជាអ្នករចនាក្រាហ្វិច និងវិចិត្រករនៅស្ទូឌីយ៉ូសន្លឹកថ្មី នៃអង្គការហ្វាពន្លឺសិល្បៈ។

 


នៅឆ្នាំ២០១៣ លោកបានក្លាយជាគ្រូបង្រៀនផ្នែករចនាក្រាហ្វិចនៅអង្គការហ្វាពន្លឺសិល្បៈ និងធ្លាប់បានចូលរួមការតាំងពិព័រណ៍សិល្បៈជាច្រើនដូចជានៅឆ្នាំ២០១៤ បានចូលរួមកម្មវិធីសិល្បៈអន្ដរជាតិតែមួយគត់សម្រាប់សិល្បករដែលមានអាយុក្រោម ៣០ឆ្នាំ នៅអាស៊ីអាគ្នេយ៍ ឈ្មោះថា SPOT ART នៅប្រទេសសិង្ហបុរី។

 


ក្នុងឆ្នាំ២០១៤ បានធ្វើពិព័រណ៍សិល្បៈទោលមួយចំណងជើងថា «គ្រោះមហន្តរាយ» នៅវិចិត្រសាលរមៀត នៅទីក្រុងភ្នំពេញ។ ឆ្នាំ២០១៩ លោកក៏បានបង្ហាញពិព័រណ៍ទោលមួយទៀត ចំណងជើងថា «ស្រែប្រតិដ្ឋ» នៅឯវិចិត្រសាលសង្កែ នៅខេត្តបាត់ដំបង និងគម្រោងសិល្បៈស-ស ទីក្រុងភ្នំពេញ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024