ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

តារារ៉េបអង់គ្លេសម្នាក់ ផ្ដួល Adele និង Ed Sheeran ដណ្ដើមបានពានអ្នកនិពន្ធចម្រៀងប្រចាំឆ្នាំ

២០ ឧសភា ២០២២ | កម្សាន្ដ


កម្មវិធីពានរង្វាន់ Ivors (អាយវ័រស៍) ដែលបានរៀបចំធ្វើឡើងនៅឯទីក្រុងឡុងដ៍កាលពីថ្មីៗនេះ បានរកឃើញម្ចាស់ពានរង្វាន់ធំអ្នកនិពន្ធចម្រៀងប្រចាំឆ្នាំដែលបានទៅលើតារារ៉េបអង់គ្លេស Dave (ដេវ)។

 


តារារ៉េបអង់គ្លេសឈ្មោះ Dave (ដេវ) បានក្លាយជាម្ចាស់ពានរង្វាន់អ្នកនិពន្ធចម្រៀងប្រចាំឆ្នាំពីកម្មវិធីពានរង្វាន់ Ivors ឆ្នាំ២០២២ ដោយបានយកឈ្នះតារាចម្រៀងស្រី Adele (អាឌេល), តារាប្រុស Ed Sheeran (អេដ ហ្សៀររ៉ន) រួមទាំងក្រុមចម្រៀង Coldplay (ខូល ផ្លេ) ផងដែរ។

 

 

ក្នុងកម្មវិធីនេះដែរ ពានរង្វាន់អាល់ប៊ុមចម្រៀងឆ្នើម បានទៅលើអាល់ប៊ុមចម្រៀង "Pink Noise" (ភីង នយស៍) របស់តារាចម្រៀងស្រី Laura Mvula (ឡរ៉ា ម៉ូវឡា) ខណៈដែលតារាចម្រៀងស្រី Shakira (ហ្ស៉ាគីរ៉ា) បានទទួលពានរង្វាន់អន្តរជាតិដ៏ពិសេសមួយ។ 

 


ម្ចាស់បទ "Shape Of You" ត្បិតថាមិនអាចឈ្នះពានរង្វាន់ធំ ប៉ុន្តែលោកទទួលបានពានរង្វាន់បទចម្រៀងដែលមានការសម្ដែងច្រើនជាងគេ ជាមួយបទ "Bad Habits" ។  

 

 

ពានរង្វាន់បទភ្លេង និងទំនុកច្រៀងល្អជាងគេបានទៅលើបទ "Seventeen Going Under" (សេវេនធីន ហ្គោអីង អាន់ដឺ) ដែលជាស្នាដៃរបស់តារាចម្រៀង Sam Fender (សេម ហ្វេនដឺ)។ 

 


គួរដឹងថាកម្មវិធីពានរង្វាន់ Ivors គឺបានដាក់ឈ្មោះតាមលោក Ivor Novello (អាយវ័រ នូវ៉ែលឡូ) ដែលជាអ្នកនិពន្ធតន្ត្រី តារាសម្ដែង និងជាសិល្បករជនជាតិវេលស៍ ដែលល្បីឈ្មោះអំឡុងដើមសតវត្សទី២០ ហើយកម្មវិធីនេះបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥៦៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024