ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វី ឌីណែត នៅតែដក់ជាប់អារម្មណ៍ឈឺចាប់ចំពោះការបាត់បង់អ្នកម្តាយដោយសារជំងឺកូវីដ១៩ 

១៩ ឧសភា ២០២២ | កម្សាន្ដ


តារាចម្រៀងស្រី វី ឌីណែត បានប្រាប់ឱ្យ PNN ដឹងក្នុងថ្ងៃសម្ពោធភាពយន្ត «គ្រោះជីវិតកូវីដ-១៩» របស់ផលិតករ ហ៊ុយ យ៉ាឡេង ថា ដ្បិតតែវេលាកន្លងទៅយូរអន្លើហើយក្តី ប៉ុន្តែកញ្ញានៅតែដក់ជាប់អារម្មណ៍ឈឺចាប់ចំពោះការបាត់បង់ម្ដាយដោយសារតែជំងឺកូវីដ១៩នៅឡើយទេ។ 


ជាក់ស្តែង ដោយសារតែអារម្មណ៍នៃភាពបាត់បង់ និងការបាក់ទឹកចិត្តផងនោះ បានធ្វើឱ្យកញ្ញាចង់លាឈប់ពីសិល្បៈម្តងៗ តែដោយសារការគាំទ្រនិងការផ្តល់កម្លាំងពីក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួន ទើបនាងបានប្រសើរឡើងវិញដូចបច្ចុប្បន្ន និងបានចេញដើរតាមកម្មវិធីសិល្បៈនានាវិញ។ 


ក្រឡេកមករឿង «គ្រោះជីវិតកូវីដ-១៩» ដែលផលិតករប្រាប់ឱ្យដឹងថា ត្រូវផលិតឡើងដើម្បីឧទ្ទិសចំពោះការបាត់បង់ប្រជាពលរដ្ឋខ្មែរដែលបង់ជីវិតដោយសារជំងឺកូវីដ១៩ ដែលនៅក្នុងនោះក៏មាន ភរិយាតារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ហួរ ឡាវី ដែលត្រូវម្ដាយបង្កើតរបស់តារាចម្រៀងស្រី វី ឌីណែត និងម្ដាយតារាកំប្លែង ស្រីពីន នៅពេលជំងឺនេះកំពុងវាយឡុកមកក្នុងប្រទេសកម្ពុជា និងរាលដាលនៅក្នុងសហគមន៍។

 

 

ក្រៅពីផ្ញើសាររម្លឹកពីស្ថានភាពដ៏លំបាកនៅក្នុងអំឡុងពេលកូវីដ១៩ហើយនោះ ជាមួយគ្នាដែរ ភាពយន្តមួយនេះក៏បានអប់រំចំពោះខាងវិស័យអនឡាញន៍ និងអចលទ្រព្យមួយចំនួនផងដែរ ខណៈរស់នៅក្នុងស្ថានភាពគ្រាលំបាកកូវីដ១៩ គេឃើញមានរូបភាពបោកប្រាស់ទំនុកចិត្តពីមហាជនជាច្រើនសណ្ឋានទៀត ដែលនាំឱ្យមនុស្សកាន់តែរស់នៅដោយមិនមានភាពស្មោះត្រង់ រស់នៅកេងប្រវ័ញគ្នា ក្បត់គ្នា គ្រួសារមិនចុះសម្រុង ដោយសារតែចង់បានលុយយកមកដោះស្រាយបំណុល។

 


ក្នុងនាមជាអ្នកបាត់បង់មនុស្សជាទីស្រលាញ់ក្នុងគ្រោះកំណាចនេះ វី ឌីណែត ថា រឿង «គ្រោះជីវិតកូវីដ -១៩» នេះ ហាក់បីដូចជានិយាយពីជីវិតមួយផ្នែករបស់កញ្ញា ដោយកញ្ញាត្រូវធ្វើចិត្តសិនមុនពេលចូលទស្សនាភាពយន្តមួយនេះ ព្រោះភាពយន្តនេះអាចនឹងធ្វើឱ្យកញ្ញាស្រក់ទឹកភ្នែកជាក់ជាមិនខាន។

 

 

បើទោះជាពេលនេះ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាបានប្រសើរឡើង ហើយនិងមិនជាប់កាតព្វកិច្ចពាក់ម៉ាសដូចពីមុន ក៏ម្ចាស់បទ ទុកខ្ញុំនៅក្បែរបានទេ នៅតែបន្តអំពាវនាវដល់មហាជនអ្នកគាំទ្រទាំងអស់ ឱ្យនៅតែបន្តការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមវិធានការរបស់ក្រសួងសុខាបាល៕

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024