ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

“ព្រៃវេទមន្ត” ខ្សែភាពយន្តភាគថៃថ្មី គាស់កកាយពីភាពអាថ៌កំបាំងជាច្រើន ក្នុងពិភពនៃអតីកាលរាប់ពាន់ឆ្នាំ កំពុងចាក់ផ្សាយនៅ PNN 

១៩ ឧសភា ២០២២ | កម្សាន្ដ


ខ្សែភាពយន្តភាគថៃថ្មីរបស់ភីអិនអិន កំពុងបម្រើអារម្មណ៍ទស្សនិកជនជាបន្តទៀតនៅលើកញ្ចក់ទូរទស្សន៍ PNN គឺ”ព្រៃវេទមន្ត” ដែលជាជាសាច់រឿងថ្មី មិនធ្លាប់ទស្សនា ហើយក៏ជាខ្សែភាពយន្តភាពយន្ត បានបង្កប់ដោយអាថ៌កំបាំងពីការស្រាវជ្រាវត្រឡប់ទៅរកអតីកាលកាលពីរាប់ពាន់ឆ្នាំមុន។ 

 

ទស្សនិកជន នឹងបានទស្សនាការសម្តែងពីតួអង្គធំៗ ជាមួយនឹងឈុតឆាក ព្រឺព្រួច និងដំណើរនៃការស្វែងរកពីភាពអាថ៌កំបាំងរបស់អ្វីមួយ ដែលបានលាក់កប់ជាច្រើនឆ្នាំមកហើយ នៅក្នុងព្រៃដែលមនុស្សគ្រប់គ្នាពិបាកនឹងទៅដល់នោះ។ ដំណើរសាច់រឿងនេះ គឺបង្ហាញពីតួអង្គ នារីក្លាហានម្នាក់ ដែលហ៊ានជម្នះរាល់ឧបសគ្គ បើទោះបីជាការធ្វើដំណើរទៅដល់គោលដៅរបស់នាង ពោរពេញទៅដោយគ្រោះថ្នាក់យ៉ាងណាក៏ដោយ។

 

 

ភីម គឺជានារីម្នាក់ដែលមានភាពឆ្លាតវៃ និងពូកែដោះស្រាយបញ្ហាដោយសម្ងាត់ ។ រយៈពេលមួយបានកន្លងផុតទៅ ឪពុកចិញ្ចឹមរបស់ភីម បានធ្លាក់ខ្លួនឈឺសន្លប់ស្តូកស្តឹង ដូចជាមនុស្សគ្មានវិញ្ញាណ។ ភីម ត្រូវរស់នៅមើលឃើញរូបរាងឪពុកខ្លួន នៅដេកមួយកន្លែងដោយមិនអាចនិយាយស្តី បើកភ្នែកមើលឃើញនាងបាន។ ជាទំនាយមកថា បើចង់ឲ្យឪពុករបស់នាងជាពីជំងឺម្យ៉ាងនេះ នាងត្រូវតែរកឱសថទិព្វម្យ៉ាងពីព្រៃហេមពាន្ត ដែលជាព្រៃអាថ៌កំបាំងរបស់ព្រះ និងអរូប ជាច្រើនរស់នៅ ហើយក៏កម្រនឹងមានមនុស្សទៅដល់ដែរ។

 

 

បើទោះបីជាទៅដល់ ក៏មិនប្រាកដថា អាចមានជីវិតវិលត្រលប់មកវិញបានដែរ។ ជានិស្ស័យ បុរសព្រានព្រៃម្នាក់ គឺ ក្រិត ដែលជាឈាមជ័យអ្នកប្រមាញ់សត្វ បានធំឡើងក្នុងព្រៃ ហើយបានស្គាល់ពីទីតាំងភូមិសាស្ត្រច្បាស់។ ភីម បានជួបនឹងក្រិត ក្នុងថ្ងៃកម្មវិធីដេញថ្លៃរូបសំណាកព្រះដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយនាងក៏បានសុំការជួយពីក្រិត ដើម្បីចូលខ្លួនទៅរកឱសថទិព្វ និងស្រាវជ្រាវនៅក្នុងព្រៃហេមពាន្តនោះ។

 

 

ទាំងពីរនាក់ ក្រិត និងភីម តែងមានគំនិតខ្វែងគ្នាគ្រប់ពេល រហូតធ្វើឲ្យការឈ្លោះប្រកែកមួយនេះ ក្លាយជាស្នេហា។ ចង់ដឹងថា តើសាច់រឿងខាងលើ នឹងមានឈុតឆាក ល្អមើលយ៉ាងណា ហើយតើតួអង្គ ភីម នឹងអាចស្វែងរកឱសថបុរាណនៅក្នុងព្រៃដ៏អាថ៌កំបាំងមួយនោះ បានដែរឬទេ? សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង ព្រៃវេទមន្ត កំពុងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សសន៍ភីអិនអិន ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ១១ ព្រឹក ៕ 
 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024